ភ្នំពេញ ៖ នៅក្នុងសង្កថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៣ ក្នុងពិធីសម្ពោធអាគារថ្មីនៃសកលវិទ្យាល័យព្រះសីហមុនីរាជា នៅក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសុំអភ័យទោសចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំពោះអព្ភូតហេតុដ៏អស្ចារ្យក្នុងព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះបរមសពព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋបានកន្លងផុតទៅ១០ ថ្ងៃហើយនោះ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រ កម្ពុជា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះរាជវត្តមាននៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះករុណាព្រះបរមរតនកោដ្ឋ និងមានវត្តមានក្នុងពិធីសម្ពោធសមិទ្ធផលនៅវត្តស្វាយពពែនោះ ត្រូវ បាននិមន្តដោយសម្តេចប្រមុខរាជរដ្ឋាភិបាលសម្រាប់ធ្វើជាសាក្សីនៃអព្ភូតហេតុនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សូមព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានទោសអំពីការបកស្រាយ ដែលទូលបង្គំខ្ញុំមិនអាចចៀសផុត ដើម្បីកុំឲ្យពាក្យចចាមអារាមអាចទៅផុត រហូតទៅដល់មានពាក្យចចារអារាមខ្លះថា មានការធ្វើកោសល្យវិច័យដ៏អាក្រក់អាក្រីនោះ។ សម្តេចតេជោថ្លែងថា ខ្ញុំសូមបញ្ជាក់បញ្ហានេះ ហើយសូមកុំឲ្យមានការបកស្រាយទៅជាអ្វីផ្សេងពីនេះ ដែលអាចបង្កើតជាបញ្ហាហើយរំខានទៅដល់ព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះបរមសព ព្រះបរមរតនកោដ្ឋ ហើយរឿងនេះមិនអាចឲ្យកើតទៅផុតពីការគ្រប់គ្រង ហើយផុតពីរឿងពិតបានទេ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ខ្ញុំព្រះករុណាខ្ញុំ សូមព្រះរាជានុញ្ញាតពីព្រះករុណាព្រះមហាក្សត្រ និង ហ្លួងម៉ែ សូមមេត្តាព្រះរាជទានទោស ដែលទូលព្រះបង្គំត្រូវមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់សាធារណជន ប្រជាពលរដ្ឋទាំងព្រះសង្ឃ ទាំងគ្រហស្ថ ឲ្យជ្រាបអំពីព្រឹត្តិការណ៍នៅល្ងាចនោះ ដែលមិនមែនជាបញ្ហាបច្ចេកទេស និងការបញ្ជាមិនស៊ីសង្វាក់ទេ ប៉ុន្តែគឺជាអព្ភូតហេតុ ដែលចេញមកពីបុណ្យ បារមីព្រះបរមរតនកោដ្ឋ។
«អព្ភូតហេតុបានចាប់ផ្តើមជាដំបូងនៅថ្ងៃទី ១ ខែកុម្ភៈដែលជាថ្ងៃដង្ហែព្រះសពព្រះបរមរតន កោដ្ឋ ចេញពីព្រះបរមរាជវាំង ខណៈដែលក្បួនអ្នកកាន់ទង់បានចាកចេញផុតពីទ្វាជ័យហើយចេះតែធ្វើដំណើរទៅនៅពេលដែលព្រះបរមសពមិនទាន់អាចដង្ហែចាកចេញបាន ដែលសម្តេចតេជោមានប្រសាសន៍ថា នេះជាអព្ភូតហេតុពិតប្រាកដ ព្រោះមិនទាន់ដល់ម៉ោងព្រះករុណា ព្រះមហាវីរក្សត្រព្រះអង្គ មិនចេញ»។
សម្តេចនាយករដ្ឋមន្ត្រីបានរៀបរាប់ពីអព្ភូតហេតុដ៏អស្ចារ្យ និងព្រឹត្តិការណ៍ចេញពីបារមីរបស់ ព្រះបរមសពនៅពេលថ្វាយព្រះភ្លើងយ៉ាងដូច្នេះថា បន្ទាប់ពីទទួលបានទៀនដែលមានដងពីសម្តេចចៅហ្វាវាំង គង់ សំអុល សម្តេចតេជោបានលុតជង្គង់ថ្វាយទៀននោះ ចំពោះព្រះករុណាព្រះមហាក្សត្រ ដែលគង់នៅផ្នែកខាងឆ្វេង ហើយទាំងព្រះមហាក្សត្រ និងសម្តេចម៉ែបានស្តេចយាងទៅចម្លងទៀនព្រះអគ្គី ដើម្បីជាការថ្វាយព្រះភ្លើង ពេលនោះហើយដែលសម្តេចព្រះសង្ឃរាជទាំងពីរគណៈបានបង្សុកូល ហើយបាគូបានផ្លុំស័ង្ខ ព្រោះពេលនោះទៀនបានឆេះ ២ ថ្នាំងដៃ ហើយទៀនចម្លងនេះក៏ត្រូវពន្លត់ ដោយសម្តេចចៅហ្វាវាំង គង់ សំអុល ប៉ុន្តែមិននឹកស្មានសោះថា ទៀននេះបានរលត់ទៅវិញ។ លើកទី ២ ទៀនបានចម្លងសារជាថ្មី បានថ្វាយព្រះភ្លើងទៅម្តងទៀត ទៀនបានឆេះប្រហែល ៣ ថ្នាំងដៃ ក៏រលត់ ទៅទៀត ដែលនេះជាអព្ភូតហេតុដ៏អស្ចារ្យ ហើយកាន់តែច្បាស់ទៅទៀតនេះត្រូវចាក់អាល់កុលពីខាងលើប្រឆេះរហូតដល់ខាងក្រោម ហើយសម្តេចព្រះសង្ឃរាជទាំងពីរគណៈព្រះអង្គបានគង់នៅទីនោះ ស្រាប់។ ថ្វាយព្រះភ្លើងលើកទី ៣ បានឆេះឡើង។ នៅពេលដែលឆេះឡើងយ៉ាងដូច្នេះ ស្រាប់តែបានធ្លាក់ទៅខាងក្រោមដែលមានអាល់កុលនៅទីនោះ ប៉ុន្តែបែរជារលត់ឈឹងទៅវិញ។ នៅពេលនោះព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែបានយាងទៅខាងត្បូង ដោយបែរព្រះភ័ក្ត្រទៅទិសខាងជើង ហើយនិមន្តសម្តេចព្រះសង្ឃរាជទាំងពីរគណៈមក និងបានដុតចម្លងទៀនដោយមានជំនួយពីសម្តេច តេជោនាយករដ្ឋមន្ត្រី ដែលនៅគ្រានោះ សម្តេចព្រះសង្ឃរាជ ទេព វង្ស មានថេរដីកាថា សម្តេចទាំង ៣ តែម្តងទៅ ប៉ុន្តែនៅពេលនោះមិនត្រឹមតែមិនទាន់បានថ្វាយព្រះភ្លើងនោះទេ ភ្លើងទៀននោះបានរលត់ ភ្លឹបតែម្តង។ នៅលើកទី ៥ ដែលជាលើកចុងក្រោយគឺខ្ញុំបានសុំអធិដ្ឋានព្រះករុណាសុំ ព្រះរាជទាន ទោសចំពោះព្រះបរមសព។ ខ្ញុំតែម្នាក់ឯងបានចេញត្រង់ពីព្រះបាទទៅចំហៀងខាងឆ្វេងហើយបានថ្វាយ ព្រះភ្លើងឆេះតែម្តង»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំគិតថា រឿងព្រះករុណា និងហ្លួងម៉ែគឺហាក់ដូចជាមានប្រផ្នូលមួយមិនធម្មតា នៅត្រង់ថា ឆេះ ២ ថ្នាំងដៃរលត់ ឆេះ ៣ ថ្នាំងដៃរលត់ ឆេះខ្លាំងហើយថែមទាំងអាល់កុល ធ្លាក់នៅខាងក្រោមមានទាំងអាល់កុលបែរជារលត់។ ព្រះករុណាព្រះអង្គបានមានព្រះរាជបន្ទូល ខ្ញុំស្តាប់ឮច្បាស់ណាស់ ពិតមែនតែខ្ញុំយំ ហើយសម្តេចក្រុមព្រះក៏យំអោបដៃខ្ញុំ ហើយព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ ទៅមុខបន្តិចទៅក្រោយបន្តិច«ទូលបង្គំសូមព្រះរាជទានទោស ទូលបង្គំធ្វើតាម ព្រះរាជបណ្តាំ»ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលយ៉ាងដូច្នេះ ហើយហ្លួងម៉ែមានព្រះរាជសវនីយ៍ថា «ខ្ញុំម្ចាស់ធ្វើតាមព្រះរាជបណ្តាំ»បានសេចក្តីថា ព្រះអង្គទាំងទ្វេរគឺហាក់ដូចជាមិនដាច់ព្រះទ័យ នៅក្នុងការថ្វាយព្រះភ្លើង។ សម្តេចតេជោថ្លែងថា ជាការឆ្លើយតបវិញពីព្រះវិញ្ញាណក្ខ័ន្ធនោះបានធ្វើឲ្យ ព្រះអគ្គីនេះឆេះបានទេ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងបន្តថា ចំពោះអព្ភូតហេតុសម្រាប់សម្តេចព្រះសង្ឃរាជទាំងពីរគណៈ បូកជាមួយខ្ញុំទៅរលត់ទៀន និងខ្ញុំថ្វាយព្រះភ្លើងចុងក្រោយដល់ឆេះរហូតមានព្រះអដ្ឋិ អ្នកណាបកស្រាយយ៉ាងណាក៏បកស្រាយចុះ ប៉ុន្តែត្រង់រឿងព្រះមហាក្សត្រ និងហ្លួងម៉ែជាមួយនឹងព្រះវិញ្ញាណក្ខ័ន្ធ គឺហាក់ដូចជាមានការឆ្លងឆ្លើយគ្នានៅពេលនោះ ហើយដែលនេះជាការបកស្រាយជាក់លាក់របស់ខ្ញុំ។ សម្តេចតេជោថ្លែងថា ជាលើកទី ១ របស់ខ្ញុំដែលបានរើសអដ្ឋិធាតុ ហើយអដ្ឋិធាតុនេះជាព្រះអដ្ឋិធាតុ ជាលើកដំបូងរបស់ខ្ញុំ។ តើជាតិមុនបានកសាងអ្វីបានជាភ្ជាប់និស្ស័យយ៉ាងដូច្នេះ។ ឥឡូវខ្ញុំត្រូវទទួលតំណមរតកដើម្បីការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រជាបន្តទៅទៀត។
ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និង សម្តេចម៉ែ ដែលបានប្រទានរាជសារកោតសរសើរ ដល់សម្តេចចំពោះការរៀបចំព្រះរាជពិធី បុណ្យ និងថ្វាយព្រះភ្លើង។ សម្តេចតេជោក៏ត្រូវបានព្រះមហាក្សត្រ និងព្រះម៉ែឲ្យពាំនាំនូវការកោតសរសើរដល់គ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងអស់ និងអ្នកដែលពាក់ព័ន្ធ ដែលបានចូលរួមធ្វើកិច្ចការងារក្នុងព្រះរាជពិធីនេះ។ សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ការរៀបចំពិធីបុណ្យ និងថ្វាយព្រះភ្លើងបានបញ្ចប់ទៅដោយជោគជ័យ គ្មានឧប្បត្តិហេតុណាមួយ កើតឡើងធ្វើឲ្យរងគ្រោះដល់អាយុជីវិតនោះទេ ដែលការនេះបានប្រព្រឹត្តទៅឥតខ្ចោះ។
សម្តេចតេជោក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃ ដល់គ្រប់ស្ថាប័ន កម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមធ្វើឲ្យពិធីនេះ ទទួលបានជោគជ័យ ដែលជាការលាគ្នាចុងក្រោយរបស់សម្តេចឪ និងបានថ្លែងអំណរគុណចំពោះស្ថានីយទូរទស្សន៍ វិទ្យុ ពិធីករ ពិធីការិនី ដែលបានអនុវត្តន៍ និងបំពេញការងាររបស់ខ្លួនយ៉ាងត្រឹមត្រូវ នៅក្នុងព្រះរាជពិធី បុណ្យនេះ។ជាមួយគ្នានេះសម្តេចតេជោក៏បានថ្លែង កោតសរសើរពីទីនេះចំពោះលោកឧបនាយក រដ្ឋមន្ត្រី គង់ សំអុល ដែលបានរៀបចំយ៉ាងល្អឥតខ្ចោះ និងយ៉ាងលំអិត រួមទាំងអ្នកបច្ចេកទេស បានធ្វើយ៉ាងល្អ ហើយសម្តេចបានបញ្ជាក់ថា បើមានតែសម្តេចអត់លោកឧបនាយក រដ្ឋមន្ត្រី គង់ សំអុល និងសហការីរបស់ពួកគាត់ ពិតជាពិបាកសម្រេចហើយ។ សម្តេចតេជោ បានមានប្រសាសន៍ ថា សម្រាប់ព្រះគង្គារ ដែលត្រូវលាងព្រះបរមសពក៏ដូចជាលាងអដ្ឋិ គឺត្រូវយកពីភ្នំគូលេន ដោយមាន ការបួងសួង និងធ្វើពិធីយ៉ាងត្រឹមត្រូវដោយមិនយកទឹកទន្លេ ឬទឹកក្បាលរ៉ុមណេនោះឡើយ ហើយព្រះធរណីវិញ ក៏យកពីភ្នំគូលេនផងដែរ សម្រាប់ក្រាលក្រោមព្រះបរមសព។ សម្តេចតេជោ បានបញ្ជាក់ថា ជារឿងឥតខ្ចោះក្នុងការរៀបចំពិធី៕
ស្នាយពល



































