ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ដែលធ្វើដំណើរពីស្រុកដងទឹកខេត្តកំពតបាននាំគ្នាមកឈរតវ៉ានៅមុខក្រុមហ៊ុនសឹកសេសមេនផៅវ័រសឺវីសដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីធ្វើការតវ៉ាទារប្រាក់មកវិញដោយពួកគេបានអះអាងថាក្រុមហ៊ុនបានយកប្រាក់ចំនួន៣០០ដុល្លារទៅ៣៥០ដុល្លារក្នុងម្នាក់ៗជាថ្នូរដែលក្រុមហ៊ុនបានអះអាងថា សម្រាប់បង់សេវាដាក់ពាក្យសុំទៅបម្រើការងារជាពលករនៅប្រទេសថៃ។
ក្រុមប្រជាពលរដ្ឋដែលចង់ធ្វើជាពលករនៅប្រទេសថៃតាមរយៈក្រុមហ៊ុនមួយនេះបាននិយាយស្រដៀងគ្នាថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុនបានប្រកាសជ្រើសរើសពលករទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ហើយតម្រូវឲ្យពួកគាត់ដាក់ពាក្យសុំចូលបម្រើជាពលករដោយផ្ដល់ប្រាក់ឲ្យក្រុមហ៊ុនជាមុនពី៣០០ទៅ៣៥០ដុល្លារក្នុងម្នាក់ៗ ដោយក្រុមហ៊ុនលើកឡើងថាជាថ្លៃសេវារត់ការ។ ប៉ុន្តែរយៈពេលជាង១ឆ្នាំមកហើយ ពួកគាត់មិនបានទទួលដំណឹងពីក្រុមហ៊ុននោះទេ។ ដូច្នេះហើយទើបក្រុមប្រជាពលរដ្ឋនាំគ្នាមកតវ៉ាដោយម្នាក់ៗលើកឡើងថា ក្រុមហ៊ុននេះបោកប្រាស់ យើងត្រូវការទាមទារយកលុយនោះមកវិញ។
ភាគីក្រុមហ៊ុននៅពេលបានឃើញក្រុមអ្នកកាសែតច្រូងច្រាងក៏បានស្រែកគំរាមដាក់អ្នកកាសែតដោយពាក្យអសុរសចង់ប្រមាថជីវិត។ ឮដូច្នេះក្រុមអ្នកកាសែតដែលកំពុងយកព័ត៌មាននៅមុខស្នាក់ការក្រុមហ៊ុនឯកជនមួយនេះក៏បានប្ដឹងទៅអាជ្ញាធរដែនដី និងសមត្ថកិច្ច ភ្លាមៗនោះគេបានឃើញលោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមកអន្តរាគមន៍មិនឲ្យកើតមានអំពើហិង្សាឡើយ ហើយសមត្ថកិច្ចនឹងធ្វើការសម្របសម្រួលរវាងក្រុមអ្នកតវ៉ានិងក្រុមហ៊ុន៕
សឿន

































