ឧត្តរមានជ័យ ៖ ២នាក់ប្ដីប្រពន្ធដឹកផ្លែឈើយកមកលក់នៅស្រុកអន្លង់វែងចុះពីលើច្រកអន្តរជាតិជាំ ត្រូវបានម៉ូតូសណ្ដោងរ៉ឺម៉កដឹកផ្លែឈើនោះជាប់ហ្វ្រាំងធ្លាក់ជ្រោះទៅម្ខាងថ្នល់បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរម៉ូតូអូសរ៉ឺម៉កធ្លាក់ជ្រោះនោះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣នៅចំណុចផ្លូវចុះពីលើភ្នំច្រកអន្តរជាតិជាំស្ថិតនៅក្នុងភូមិជើងភ្នំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកអនុសេនីយ៍ឯក ហាស ហេង អធិការរងផ្នែកសណ្ដាប់ធ្នាប់ស្រុកអន្លង់វែង បានឲ្យកម្ពុជាថ្មីដឹងថា ករណីខាងលើនេះបណ្ដាលមកពីម៉ូតូអូសរ៉ឺម៉កនោះជាប់ហ្វ្រាំងទើបបណ្ដាលឲ្យម៉ូតូនោះធ្លាក់ជ្រោះតែម្ដង។ ពេលនោះកម្លាំងប៉ូលិសសណ្ដាប់ធ្នាប់របស់លោកជួយលើកអ្នករងរបួសទាំង២នាក់ប្ដីប្រពន្ធបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ។ ប៉ុន្តែស្ត្រីជាប្រពន្ធរងរបួសធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់តែម្ដង ហើយបុរសជាប្ដីរងរបួសធ្ងន់ ក្រុមគ្រូពេទ្យកំពុងដុតដៃដុតជើងជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ផងដែរ។
លោកអនុសេនីយ៍ហាស ហេង អធិការរងសណ្ដាប់ធ្នាប់បានបន្តទៀតថា ជនរងគ្រោះទាំង២ខាងលើប្ដីមានឈ្មោះ ហ៊ី ស្រីដំ អាយុ៣១ឆ្នាំ រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យមុខរបរធ្វើចំការ(ស្លាប់) រីឯប្ដីឈ្មោះ ខាង ធា អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕
ចាន់ធី






























