ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពលលោក ស៊ុយ សែម បានបញ្ជាក់ថាការអភិវឌ្ឍន៍ឧស្សាហកម្មត្រូវតែដើរទន្ទឹមគ្នា នឹងកិច្ចការពារបរិស្ថាន បើមិនដូច្នោះទេយើងនឹងត្រូវចំណាយពេលវេលា និងថវិកាជាច្រើនដើម្បីស្តារឡើងវិញនូវអ្វីដែលបានខូចខាតដោយសារការបំពុលបរិស្ថាន តាមរយៈនៃការអភិវឌ្ឍន៍ទាំងអស់នោះ។
លោកមានប្រសាសន៍បញ្ជាក់បែបនេះនៅក្នុងឱកាសបើកសិក្ខាសាលា ស្តីពីការចាប់ផ្តើមអនុវត្តគម្រោង ការប្រែប្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យាដល់កម្ពុជា ដោយសារប្រើប្រាស់សំណល់ជីវៈម៉ាស់កសិកម្ម សម្រាប់ផលិតថាមពលដែលមានចីរភាព ក្រោមការរៀបចំដោយការិយាល័យផលិតកម្មស្អាតកម្ពុជានៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងឧបត្ថម្ភថវិកាដោយមូលនិធិបរិស្ថានពិភពលោក(GEF) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ(UNIDO)។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងនូវសន្តិភាពមួយយ៉ាងពេញលេញនៅទូទាំងប្រទេស និងកំពុងតែមមាញឹកក្នុងការបន្តស្តារកែលម្អ កសាងនិងអភិវឌ្ឍន៍ប្រទេសតាមលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសបានប្រកាសសង្គ្រាមប្រយុទ្ធប្រឆាំង និងភាពក្រីក្រ ដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពសង្គមកម្ពុជាទាំងមូល ព្រមទាំងបានកំពុងប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស និងកិច្ចការពារបរិស្ថាន ហើយបានចាត់ទុកបញ្ហាសន្តិសុខថាមពល និងការប្រែប្រួលអាកាសធាតុ ជាការងារអាទិភាពចំបងមួយក្នុងក្របខ័ណ្ឌនយោបាយចតុកោណដំណាក់កាលទី២។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរពីបញ្ហាវិជ្ជមានមួយចំនួន ដែលបានកើតឡើងលើពិភពលោក ដោយសារការអភិវឌ្ឍដែលមិនចីរភាពកន្លងមក ដែលបណ្តាលឲ្យមានការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងកំដៅផែនដី គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះសង្ឃរាជាដើម ហើយបានសម្លាប់ជីវិតមនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនាពេលថ្មីៗមកនេះ។ ដូច្នេះដើម្បីឆ្លើយតបនឹងបញ្ហាទាំងអស់នេះ និងរួមចំណែកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់វិនិយោគិន ម្ចាស់រោងចក្រសហគ្រាសទាំងអស់ ឲ្យចូលរួមការពារបរិស្ថាន តាមរយៈការអភិវឌ្ឍដែលមានចីរភាព រួមមានការប្រើប្រាស់ថាមពល និងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព ក៏ដូចជាប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗដែលសមស្រប សម្រាប់ផលិតថាមពលស្អាត ឬថាមពលបៃតង។ល។ លោករដ្ឋមន្ត្រីបានបន្ថែមថា ការផ្ទេរបច្ចេកវិទ្យាថ្មីៗមិនត្រឹមតែអនុវត្តបានចំពោះវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែជាគោលការណ៍ ក៏អាចយកទៅអនុវត្តបានលើវិស័យផ្សេងៗទៀតប្រកបដោយជោគជ័យផងដែរ។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានស្នើឲ្យអង្គសិក្ខាសាលាទាំងមូល ត្រូវយកចិត្តទុកដាក់ផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍នានាឲ្យបានផុលផុស ដើម្បីជាទុនក្នុងការអនុវត្តមុខរបរអាជីវកម្មខ្លួនឲ្យបានប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានចីរភាព៕
សុងយោ
































