ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥, ១៦, ១៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ប្រតិភូសាលាខណ្ឌមានជ័យដឹកនាំដោយលោកគួច ចំរើន ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌមានជ័យ រួមជាមួយលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ បានអញ្ជើញចុះសាកសួរសុខទុក្ខដល់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តចំនួន៣ ក្នុងនោះមានខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
យោងតាមប្រសាសន៍លោក ឡុង ង៉ែត នាយករដ្ឋបាលសាលាខណ្ឌមានជ័យបានឲ្យដឹងថា ក្នុងរយៈពេល៣ជាប់គ្នានេះប្រតិភូសាលាខណ្ឌមានជ័យបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាយកទៅផ្ដល់ដល់យុវជនស្ម័គ្រចិត្តសម្ដេចតេជោចំនួន៣ខេត្តក្នុងនោះខេត្តកំពង់ធំ មានចំនួន៦ក្រុម គឺស្ថិតនៅឃុំទំរីង ស្រុកសណ្ដាន់ ឃុំទីពោធិ៍ ស្រុកសន្ទុក ឃុំត្បែង ស្រុកកំពង់ស្វាយ ឃុំពពក ស្រុកស្ទោង ឃុំសាមគ្គីស្រុកប្រាសាទបាល្ល័ង ខេត្តសៀមរាបមានយុវជន២ក្រុមក្នុងនោះមានឃុំត្បែង និងឃុំឃុនរាម ស្រុកបន្ទាយស្រី។ ខេត្តឧត្តរមានជ័យមានយុវជន២ក្រុមគឺស្ថិតនៅឃុំលំទង ស្រុកអន្លង់វែង និងឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ។ នេះជាលើកទី២ហើយ ដែលប្រតិភូសាលាខណ្ឌមានជ័យនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាផ្ដល់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដែលយុវជនសរុបចំនួន២២១រូប ជាយុវជនខណ្ឌមានជ័យ ដែលលើកទី១ប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០១៣នៅខេត្តបាត់ដំបងចំនួន៥ក្រុម៕
នរា

































