ភ្នំពេញ ៖ រថយន្តពីរគ្រឿងបុកគ្នានៅលើផ្លូវខ្វែងបណ្តាលឲ្យរថយន្តមួយគ្រឿងខ្ទាតទៅបុករទេះដឹកក្រូច ក្រឡាប់ផ្ងារជើងកាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវលេខ៣២៨ ជិតក្លឹបលុចសារី ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
សាក្សីបានឲ្យដឹងថារថយន្តពីរគ្រឿងដែលបុកគ្នាមួយគ្រឿង ម៉ាក ស៊ីវិច ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ36 2-0001 បើកបរដោយបុរសម្នាក់ស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣២៨ ទិសដៅពីជើតទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកPRIUS ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ2V-6948 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចគ្នានៅលើកំណាត់ផ្លូវលេខ ១៩៩ទិសដៅពីលិចលុះដល់ចំណុចពាក់កណ្តាលផ្លូវលេខ១៩៩ កែងនិងផ្លូវលេខ៣២៨ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងចំពាក់កណ្ដាលតួរថយន្តបណ្ដាលឲ្យខ្ទាត ទៅបោកផ្ទប់និងរទេះលក់ស្លាបមាន់អាំង និងម៉ូតូមួយគ្រឿងទៀតម៉ាកស្មាស់ ពណ៌ខ្មៅលាយផ្កាឈូក អត់ស្លាកលេខ ដែលចតនៅជាប់និងរទេះលក់សាច់មាន់អាំងនោះបណ្ដាលឲ្យម៉ូតូនិងរទេះ ប៉ើងក្រឡាប់ផ្ងារជើង។ចំណែករថយន្តPRIUS ក៏បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋថែមទៀតទើបរថយន្តអស់ល្បឿនទៅ មុខលែងរួច។ រថយន្តទាំងពីរគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
ស្ត្រីម្នាក់ឈ្មោះ គង់ នៅ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ជាម្ចាស់រទេះលក់សាច់មាន់អាំងនិងជាម្ចាស់ម៉ូតូដែលរងការខូចខាតនិយាយថា គ្រោះថ្នាក់ នេះកើតឡើងដោយសារតែម្ចាស់រថយន្តទាំងពីរគ្រឿង បើកបរមិនយោគយល់ នៅចំណុចផ្លូវកែងទើបបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង ព្រមទាំងធ្វើឲ្យខាតការងារលក់ដូររបស់គាត់ទៀតចំពោះរបរដែលលក់ដូរ ខាងលើនេះបើគិតជាប្រាក់សរុបជាង៥០០ដុល្លារ។
ក្រោយពេលកើតហេតុរថយន្តបង្កទាំងពីរគ្រឿងព្រមទាំងរទេះលក់សាច់មាន់ អាំងនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរជើងគោកចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕
ឌួងវិរៈជ័យ






























