តាកែវ ៖ ជនសង្ស័យម្នាក់បានគេចខ្លួនបាត់ស្រមោល បន្ទាប់ពីបានដេញចាក់ជនរងគ្រោះចំនួន២ដែកចុងស្រួចត្រូវចំកណ្ដាលខ្នងបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុរួចមក។
ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅចំណុចភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រុកទ្រាំងបានឲ្យកម្ពុជាថ្មីដឹងថា ជនរងគ្រោះមានឈ្មោះ ចេន សុភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះរូបនេះត្រូវជនសង្ស័យដែលត្រូវជាក្មួយយកដែកចុងស្រួចមកចាក់ចំកណ្ដាលខ្នងចំនួន២ដែកបណ្ដាលឲ្យស្លាប់តែម្ដង។ ជនសង្ស័យមានឈ្មោះ ចេន សំភាវិទូ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ ហើយបន្ទាប់ពីធ្វើសកម្មភាពបានគេចខ្លួនបាត់តែម្ដង។
មន្ត្រីនគរបាលជំនាញបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានមកផឹកស៊ីជាមួយជនសង្ស័យនៅក្រោមផ្ទះរបស់ជនសង្ស័យនោះតាំងពីម៉ោងប្រហែល៧យប់។ លុះដល់ម៉ោងកើតហេតុខាងលើ ភាគីទាំង២បានជជែកគ្នាចុះឡើងៗបង្កជាទំនាស់ពាក្យសំដី។ ក្រោយមកជនសង្ស័យបានឡើងទៅលើផ្ទះរបស់ខ្លួនយកដែកចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន២ដែកចំកណ្ដាលខ្នង បណ្ដាលឲ្យជនរងគ្រោះរត់ទៅដេកស្លាប់នៅក្បែររបងវិទ្យាល័យព្រៃសណ្ដែកខាងកើតផ្ទះកើតហេតុខាងលើប្រហែល៤០ម៉ែត្រ។ រី ឯជនសង្ស័យបានគេចខ្លួនបាត់ស្រមោល៕
វាសនា

































