ភ្នំពេញ ៖ លោក Masafumi KUROKI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា បានសន្យាចំពោះមុខសម្តេចធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាថា ទោះបីលោកចប់អាណត្តិការទូតនៅកម្ពុជា លោកនឹងបន្តជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្តទៀតទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្រោយពេលបោះឆ្នោតនឹងរៀបចំរាជរដ្ឋាភិបាលថ្មីបានហើយនោះ ឲ្យបានច្រើនជាងនេះទៅទៀតនូវជំនួយក៏ដូចជាការវិនិយោគិន ក៏ដូចជាទេសចរណ៍ជប៉ុន ដើម្បីជំរុញឲ្យបានច្រើនសម្រាប់ការអភិវឌ្ឍដល់ប្រទេសកម្ពុជាបន្តទៀត។
លោក Masafumi KUROKI បានសន្យាបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលជួបសំដែងការគួរសម និងជំរាបលាសម្តេចប្រធានព្រឹទ្ធសភាក្នុងពេលដែលលោកចប់អាណត្តិការទូតនៅកម្ពុជានាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ នៅភូមិគ្រឹះសម្តេចនាវិមានចំការមន។
សម្តេចព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះបេសកកម្មការទូតរបស់លោក ឯកអគ្គរាជទូតជប៉ុន ដែលបំពេញភារកិច្ចក្នុងរយៈ៣ឆ្នាំកន្លះមកនេះ គឺបានល្អប្រសើរណាស់ ដោយកន្លងមកមានសមិទ្ធផល និងជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីការកសាងអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណ និងបានស្វាគមន៍ជានិច្ច ហើយក៏សូមផ្តាំផ្ញើតាមរយៈលោក ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិ ជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រជានិច្ចដល់កម្ពុជានាពេលកន្លងមក ហើយសូមឲ្យបន្តជួយថែមទៀតដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាឲ្យបានរីកចម្រើនទៅមុខកាន់តែច្រើន និងល្អប្រសើរជាងនេះទៀត៕
សុងយោ

































