ភ្នំពេញ ៖ កូនបង្កើតនិងកូនប្រសារួមដៃគ្នាវាយម្តាយបាក់ដៃ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមនឃាត់ខ្លួនកាលពីវេលាម៉ោង ១ និង ៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣នៅចំណុចផ្ទះលេខ ២៤២ ផ្លូវ ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមននាំមកសាកសួរ។
ប្ដីប្រពន្ធដែលសមត្ថកិច្ចឃាត់ខ្លួននោះ ស្ត្រីជាប្រពន្ធឈ្មោះ អិនចាន់ស៊ីថា អាយុ ៣៣ ឆ្នាំត្រូវជាកូនស្រីបង្កើតរបស់ស្ត្រីរងគ្រោះឈ្មោះ ចាន់ ស៊ីផន អាយុ ៦២ ឆ្នាំមានប្តីឈ្មោះ ប៉ោ វ៉ាន់គី អាយុ ៣៥ ឆ្នាំ អ្នកទាំងបី ស្នាក់ផ្ទះកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថាការចាប់ឃាត់ខ្លួនកូនបង្កើតនិងកូនប្រសាធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយឈ្មោះ ចាន់ ស៊ីផន អាយុ ៦២ ឆ្នាំ (ត្រូវជាម្តាយបង្កើតរបស់ឈ្មោះ អិនចាន់ស៊ីថា) រងរបួសបាក់.ដៃ។
ប្រភពព័ត៌មានបានឲ្យដឹងថានៅយប់ថ្ងៃកើតហេតុស្ត្រីឈ្មោះ អិនចាន់ស៊ីថា និងប្តីបានចេញទៅក្រៅ លុះពេលមកដល់ផ្ទះស្រវឹងស្រឿងៗផងក៏ត្រូវបានម្ដាយធ្វើការស្ដីបន្ទោស កូនប្រសាប្រុសនោះថាចេះតែដើរផឹកស៊ីមិនចេះរកអ្វី ប៉ុន្តែការស្ដីបន្ទោសរបស់ស្ត្រីជាម្តាយ មិនត្រូវបានកូនបង្កើតកាន់ជើងឡើយគឺបានកាន់ជើងខាងប្តីវិញជាហេតុធ្វើឲ្យ កូនស្ត្រីខឹង ធាក់ម្តាយមួយជើង ទាំងប្តីនិងប្រពន្ធព្រួតវាយម្តាយរហូតបាក់ដៃម្ខាង។ ក្រោយមកក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែនោះរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួនកូនបង្កើតនិងកូនប្រសាទៅសួរនាំពីដំណើររឿង។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ អិន ចាន់ស៊ីថា ជាកូនបាននិយាយថាជារៀងរាល់ថ្ងៃស្ត្រីជាម្តាយពូកែចេះដឹងរឿង ប្តីរបស់ខ្លួនលោះពេលឡើយ ធ្វើឲ្យខ្លួននិងប្តីខឹងទ្រាំមិនបានបង្កជាហិង្សាតែម្តងទៅ។ ចំណែក ស្ត្រីជាម្តាយឈ្មោះ ចាន់ ស៊ីផន បាននិយាយថា ជារៀងរាល់ថ្ងៃកូនប្រសាគាត់តែងតែស្រវឹង ហើយមករករឿងគាត់ជាញឹកញាប់ ព្រោះតែវាអាងប្រពន្ធរបស់គេដែលត្រូវជាកូនបង្កើតគាត់ កាន់ជើងប្តីខ្លាំងពេកក៏បង្កជាជំលោះតែម្តង។
ក្រោយពីមានការសម្រុះសម្រួលស្ត្រីជាម្តាយសុខចិត្តដកពាក្យបណ្តឹង គ្រាន់តែឲ្យសមត្ថកិច្ចអប់រំពួកគេនិងធ្វើកិច្ចសន្យាបញ្ឈប់លែងឲ្យប្រើអំពើហិង្សាដាក់គាត់ទៀត បន្ទាប់មកសមត្ថកិច្ចក៏អនុញ្ញាតឲ្យកូនបង្កើតនិងកូនប្រសាប្រុស ត្រឡប់ទៅលំនៅឋានវិញ៕
ឌួងវិរៈជ័យ































