ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តចេញពីខេត្តសៀមរាបមកភ្នំពេញបាន២ថ្ងៃមិនទាន់រកការងារបានធ្វើផងក៏ស្រាប់តែត្រូវគេព្រួតវាយបណ្តាលរបួសសន្លប់ឈឹងតែសំណាងល្អបាននគរបាលមូលដ្ឋានជួយអន្តរាគមន៍បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែតជួយសង្គ្រោះទាន់ពេល រីឯក្រុមជនបង្កហេតុគេចខ្លួនបាត់អស់។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៣នៅចំណុចបរិវេណរង្វង់មូលគួចកាឡុងខាងលិចគល់ស្ពានជ្រោយចង្វាក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះគឹម ស្រ៊ីន ភេទប្រុសអាយុ៣១ឆ្នាំមានស្រុកកំណើតនៅខេត្តសៀមរាបបច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានបានឲ្យដឹងថាបុរសរងគ្រោះជាកម្មករផ្សារដែកនៅខេត្តសៀមរាប តែដោយធ្វើការនៅទីនោះបានប្រាក់កម្រៃតិចតួចពេកទើបសម្រេចចិត្តមកភ្នំពេញរយៈពេល២ថ្ងៃដើម្បីស្វែងរកការងារធ្វើ តែមិនទាន់មានការងារធ្វើផងគាប់ជួនមកម្តុំកន្លែងកើតហេតុ ជាមួយមិត្តក៏ត្រូវបានក្រុមជនបង្កមួយក្រុមបានព្រួតគ្នាវាយតប់បណ្តាលឲ្យរបួសធ្ងន់សន្លប់ឈឹងនៅសួនច្បារតែម្តង។ ភ្លាមៗនោះបាននគរបាលមូលដ្ឋានជួយអន្តរាគមន៍បញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែតជួយសង្គ្រោះផងដែរ។ ចំណែកក្រុមជនបង្កហេតុគេចខ្លួនបាត់អស់ទៅហើយមុនពេលសមត្ថកិច្ចមកដល់៕
រស្មី

































