កំពង់ឆ្នាំង ៖ រថយន្តកាមរីរត់តាក់ស៊ីភ្នំពេញ-បាត់ដំបងមួយគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលកំពង់ឆ្នាំងស្ទាក់ចាប់បាន បន្ទាប់ពីរថយន្តនេះបានបុកម៉ូតូមួយគ្រឿងនៅលើផ្លូវជាតិលេខ៥ ចំណុចស្ពានពោធិ ស្រុកសាមគ្គីមានជ័យ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយបើករត់រួចមក។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ចំណុចជញ្ជីងថ្លឹងរថយន្តក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ វេលាម៉ោង១៤និង៤០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣។ ម៉ូតូរងគ្រោះម៉ាក សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1B-8659 បើកបរដោយឈ្មោះ មុំ សំអាត ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិពារាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ បានឌុបមនុស្សម្នាក់នៅពីក្រោយធ្វើដំណើរពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុក៏បានបើកឆ្លងផ្លូវទៅឆ្វេងដៃ ដល់ចិញ្ចើមផ្លូវក្រហមទៅហើយ ក៏ស្រាប់តែមានរថយន្តកាមរីតាក់ស៊ី ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2A-8521បើកបរក្នុងទិសដៅបញ្ច្រាសគ្នាបានគេចពីរថយន្តមួយគ្រឿងទៀត ដែលបើកក្នុងទិសបញ្ច្រាសគ្នាក៏បុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់តែម្ដង។
ក្រោយកើតហេតុរថយន្តបង្កបានបើកគេចឆ្ពោះទៅមុខទៀត ចំណែកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកកំពង់ត្រឡាចដើម្បីសង្គ្រោះ។ ខណៈនោះដែរ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ជួយអន្តរាគមន៍ស្ទាក់ចាប់រថយន្តបង្កនៅម៉ោង១៥និង៤៥នាទី នៅចំណុចភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង សមត្ថកិច្ចស្ទាក់ចាប់បានរថយន្តបង្ករួចបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរផ្លូវគោកខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ថារិទ្ធ
































