កំពង់ស្ពឺ ៖ សមត្ថកិច្ចរដ្ឋបាលព្រៃឈើខណ្ឌកណ្ដាលបានចុះបង្ក្រាបរថយន្តមួយគ្រឿងដែលកម្លាំងសម្ងាត់បានឲ្យដឹងថា មានបង្កប់ឈើប្រណិតនៅពីក្រោមបាវអង្កាមកំពុងធ្វើដំណើរតាមបណ្តោយផ្លូវ ជាតិលេខ៥ឆ្លងកាត់ចំណុចសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ។
ករណីចាប់បានឈើប្រណិតគឺនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៣ វេលាម៉ោង ១៩ និង ៣០នាទីត្រង់ចំណុចភូមិស្រះកែវឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៥។
លោកឌុចវ៉ាន់ឌី បានដឹកនាំកម្លាំងក្រុមតាម ដានស្រាវជ្រាវ បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ របស់ខណ្ឌរដ្ឋបាលព្រៃឈើកណ្តាល ដែលមានសហការ ជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ បានចេញប្រតិបត្តិការតាមការផ្តល់ព័ត៌មានអំពីភិនភាគរថយន្តដែលបានដឹកឈើបង្កប់ក្រោមបាវអង្កាម។
លោកឌុចវ៉ាន់ឌីបានបន្តទៀតថាក្រោយពីកំណត់មុខសញ្ញាហើយក្រុមសមត្ថកិច្ចក៏បាន ប្រទះឃើញរថយន្ត ចំនួន ១ គ្រឿង ម៉ាកម៉ុងហ្គោ ពណ៌ខៀវ ចំណុះ១ តោន ពាក់ស្លាកលេខ ភ្នំពេញ ២F-៤៨០៩ ដូចការផ្តល់ព័ត៌មានមែន ដែលធ្វើដំណើរតាមដងផ្លូវជាតិ លេខ ៥ លុះដល់ត្រង់ចំណុចភូមិស្រះកែវឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកម្លាំងចម្រុះបានស្ទាក់ឃាត់សុំត្រួតពិនិត្យ។
ប្រភពបញ្ជាក់ថា ក្រោយពីបានឃាត់បានទើបសមត្ថកិច្ចបានរកឃើញ មាន ឈើជ្រុងប្រភេទប្រណិត(នាងនួន , ធ្នង់) បង្កប់ពីក្រោមបាវអង្កាម និងគ្មានលិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលមានឈ្មោះ សែម ស ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅបច្ចុប្បន្នភូមិដប់បាត ឃុំលលក ស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ជាម្ចាស់ទទួលខុសត្រូវ។
ចំណែកវត្ថុតាងល្មើសបាននាំយកទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដែលមានទីតាំងនៅភូមិពាណិជ្ជ កម្មសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយបានប្រគល់ជូនលោក កែវ សូផល នាយរងផ្នែក រដ្ឋបាលព្រៃឈើកំពង់ស្ពឺ ជាអ្នកទទួលថែរក្សាជាបណ្ដោះអាសន្នដើម្បីរង់ចាំការសម្រេចពីសមត្ថកិច្ចថ្នាក់លើ និងបានចងក្រងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើកណ្តាលចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពី ព្រៃឈើ៕
ច្បារមន





























