ភ្នំពេញ ៖ តំណាងអភិបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះណែនាំទីតាំងបើកហ្គេមអេឡិចត្រូនិកជ្រកក្រោមស្លាកបម្រើសេវាអ៊ីនធឺណិតចំនួន៤ទីតាំងនៅក្នុងភូមិសែនសុខ សង្កាត់ឈ្មួញ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ក្រោយពេលមានបណ្ដឹងពីប្រជាពលរដ្ឋមកអាជ្ញាធរនិងក្រុមអ្នកកាសែត។
ទូហ្គេមប្រមាណជាង២០០ទូត្រូវបានអាជ្ញាធរឆែកឆេរឃើញនៅក្នុង៤ទីតាំង ដែលក្នុងនោះទីតាំងទី១ស្ថិតក្នុងភូមិសែនសុខទី៧ ដែលមានម្ចាស់ហ្គេមឈ្មោះ ញីម ភារុន ភេទប្រុស អាយុ២៥ឆ្នាំ ហើយ៣ទីតាំងទៀតស្ថិតក្នុងភូមិសែនសុខទី២ ដែលក្នុងចំណោមនោះ ទីតាំងទី១អត់មានច្បាប់ និងមួយទីតាំងទៀតម្ចាស់ហ្គេមត្រូវអ្នកភូមិប្រាប់ថាជាអនុភូមិសែនសុខទី២ឈ្មោះ ខា។
លោក ជាខេមា អភិបាលរងខណ្ឌសែនសុខ ជាតំណាងលោកលី សាវេត អភិបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្ក្រាបនោះបានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ដោយសារមានបណ្ដឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះត្អូញថាកូនចៅរបស់គាត់គេចសាលាមិនចូលរៀន បែរជានាំគ្នាចូលលេងហ្គេមនៅទីនោះស្ទើរតែរាល់ថ្ងៃ ហើយលោកក៏បានទទួលព័ត៌មានស្រដៀងគ្នានេះពីក្រុមអ្នកកាសែតផងដែរទើបលោកអភិបាលខណ្ឌបញ្ជាឲ្យលោកដឹកនាំកម្លាំងចុះបង្ក្រាបតែម្ដង។
ជំហានដំបូងអាជ្ញាធរក្ដៅស្លឹកត្រចៀកនៅពេលឃើញសុទ្ធតែក្មេងតូចៗក្រោមអាយុ១០ឆ្នាំរាប់សិបនាក់មកពាក់ពពូនគ្នា ហើយគំរាមរឹបអូសទូហ្គេមទាំងនេះយកទៅដុតកំទេចចោល ប៉ុន្តែក្រោយមកប៉ូលិសមូលដ្ឋានបានត្រឹមតែធ្វើកិច្ចសន្យាណែនាំដល់ម្ចាស់សេវាអ៊ីនធឺណិតទាំងនោះហាមមិនឲ្យក្មេងៗជាសិស្សសាលាចូលលេងប៉ុណ្ណោះ៕
សឿន
































