ពោធិ៍សាត់ ៖ ក្មេងប្រុសជាសិស្សសាលាម្នាក់ពេលកំពុងជិះកង់តាមលក្ខណៈច្បាប់ចរាចរណ៍ត្រឹមត្រូវលើផ្លូវជាតិលេខ៥ ត្រូវបានជនបង្កជាអ្នកមានរថយន្តស៊េរីទំនើបបើកខុសបច្ចេកទេសប្រើប្រាស់ល្បឿនលឿនហើយបុកក្មេងពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងភូមិ សាលាគំរូ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ បន្ទាប់ពីបុករួចអ្នកបើកបររថយន្តបានបន្ថែមល្បឿនបើករត់ទៅមុខឆ្លងទឹកដីក្រុងពោធិ៍សាត់បានជិត២០គីឡូម៉ែត្រក៏ត្រូវនគរបាលស្រុកបាកានក្របួចជាប់។
ពលរដ្ឋជាសាក្សីនៅចំណុចខាងលើឃើញហេតុការណ៍នេះនិយាយថា ក្មេងប្រុសរងគ្រោះដែលពួកគាត់ស្គាល់នោះ ឈ្មោះ មុំ សុម៉ុច អាយុ១០ឆ្នាំរស់នៅភូមិទួលម្កាក់ សង្កាត់រលៀប បានជិះកង់ទៅរៀនក្នុងទិសដៅពីកើតទៅលិចលើចិញ្ចើមផ្លូវខាងស្ដាំ ស្របពេលនោះក៏មានរថយន្តទំនើបប្រភេទហាយលែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2J-9473 មកពីកើតទៅលិចស្របទិសគ្នាដែរ និងប្រើប្រាស់ល្បឿនលឿនមិនគោរពច្បាប់ចរាចរណ៍ផង ដល់ចំណុចខាងលើក៏រេចង្កូតបុកក្មេងប្រុសកំពុងជិះកង់ពុំដឹងអីពីក្រោយបណ្ដាលឲ្យរបួសធ្ងន់។ បន្ទាប់ពី បើកបុករួចជនបង្កនោះបានបន្ថែមល្បឿនរត់ទៅបានជិត២០គីឡូម៉ែត្រចូលទឹកដីបាកានក៏ត្រូវនគរបាលចាប់បានទាំងមនុស្សតែម្ដង។ នគរបាលប្រាប់ថាជននោះឈ្មោះ ចាន់ ម៉េង អាយុ៣២ឆ្នាំនៅរាជធានីភ្នំពេញ ត្រូវឃាត់ខ្លួនបញ្ជូនមកកាន់អធិការក្រុងដើម្បីដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះជាក្រោយ៕
លានគ្រន


































