ឧត្តរមានជ័យ ៖ កម្លាំងចម្រុះរួមសហការជាមួយលោក វណ្ណ សុផាន់ណា នាយអធិការខាងជើងបឹងទន្លេសាប លោក អុង សំអាត អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ លោក ទៀង ដាវិទ្យនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និង សង្កាត់ផងដែរ បានចុះបង្ក្រាបចាប់បានឈើជាច្រើនកំណាត់ និងរថយន្ត២គ្រឿងនៅតាមបន្ទាត់ព្រំដែនស្រុកត្រពាំងប្រាសាទ ស្ថិតនៅឃ្លាំងមួយស្តុបឈើនៅភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ការចុះអនុវត្តន៍បង្ក្រាបដោយលោក វណ្ណ សុផាន់ណា សហការជាមួយលោក កូយកាន់យ៉ា ព្រះរាជអាជ្ញាសាលាដំបូងខេត្តឧត្តរមានជ័យផង ចាប់បាននៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ ហើយបញ្ជូនបទល្មើសជាវត្ថុតាងឈើ និងរថយន្តមករក្សាទុកខណ្ឌរដ្ឋបាលព្រៃឈើស្នាក់ការនៅក្រុងសំរោង។ លោកគួន រ៉ានី មន្ត្រីខណ្ឌទទួលផ្នែកបង្ក្រាបប្រចាំទិសអន្លង់វែង បានបង្ហើបព័ត៌មានឲ្យកម្ពុជាថ្មីដឹងថា បទល្មើសឈើនិងរថយន្ត២គ្រឿងនៅព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១២ គឺឈើកំណាត់រួមមានឈើគ្រញូង បេង ធ្នង់ និងឈើគគីរមានការកែច្នៃជាទ្វារជាច្រើន និងរថយន្ត២គ្រឿង ១ម៉ាកឡង់គ្រីស័រស៊េរី៩៣ ស្ដាំពណ៌ស្លែ ទី២.ម៉ាកកាមរី ៩៥ពណ៌ទឹកប៊ិចគ្មានស្លាកលេខដូចគ្នា។ លោក គួន រ៉ាឌី បញ្ជាក់ថារថយន្តទាំង២នេះមិនមានស្តុបឈើទេ តែនៅចតជាមួយបទល្មើសឈើនៅក្នុងកន្លែងតែមួយគឺរថយន្តមុខសញ្ញាដឹកជញ្ជូនឈើ។ ក្នុងរថយន្តគឺគ្មានកៅអីឡើយ។ ព្រះរាជអាជ្ញាសាលាដំបូងខេត្តគឺលោក កូយ កាន់យ៉ា ឲ្យដឹងថា បន្ទាប់ពីជំនាញរដ្ឋបាលព្រៃឈើរុករកឃើញបទល្មើសឈើទាំងនោះហើយ ទើបលោកបានប្រមូលវត្ថុតាងដឹកជញ្ជូនទៅវាស់វែងរក្សាទុកនៅខណ្ឌ។ ចំនួនឈើកំពុងវាស់វែងនៅព្រឹកថ្ងៃទី២៦ ខែធ្នូនៅខណ្ឌព្រៃឈើខេត្តនៅមិនទាន់បានដឹងចំនួនជាក់លាក់នៅឡើយ៕
ជារ៉ានី
































