ស្ទឹងត្រែង ៖ ស្វាមួយក្បាលដែលមានគេចិញ្ចឹមផងនោះ បានរួចពីទ្រុងមានភាពកាចសាហាវ បានដើររាតត្បាតតាមផ្ទះអ្នកភូមិ និងបានខាំបុរសម្នាក់ ដែលកំពុងអង្គុយជាមួយប្រពន្ធ និងកូនតូចអាយុទើបតែមានអាយុពីបីខែ បណ្តាលឱ្យរងរបួសរយះដៃជើងជាទម្ងន់ ត្រូវបានម្តាយនិងប្រពន្ធដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍ស្វាខាំមនុស្សបង្កឱ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរនោះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ នៅត្រង់ចំណុចអូរឈើទាល ក្នុងភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង។
ស្ត្រីជាម្តាយបុរសរងគ្រោះដោយស្វាខាំបានឱ្យដឹងថា កូនរបស់គាត់ត្រូវស្វាខាំនោះ មានឈ្មោះសុខ ចាន់ទ្រា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅចំណុចអូរឈើទាល ក្នុងភូមិរាជានុកូល សង្កាត់-ក្រុងស្ទឹងត្រែង ។ ចំណែកម្ចាស់ស្វាមានឈ្មោះឡាង រស់នៅក្នុងភូមិជាមួយបុរសរងគ្រោះ។
ស្ត្រីជាម្តាយនិងប្រពន្ធបុរសរងគ្រោះបានបន្តឱ្យដឹងទៀតថា នៅល្ងាចថ្ងៃកើតហេតុ ប្តីនិងប្រពន្ធកូនបានអង្គុយលេងនៅជិតផ្ទះ ស្រាប់តែស្វាមួយក្បាលធំប៉ុនកូនក្មេង ដែលគេចិញ្ចឹមនៅជិតផ្ទះ របស់ខ្លួនបានរួចពីទ្រុង រួចដើររាតត្បាតតាមផ្ទះអ្នកភូមិ។ ពេលមកដល់ផ្ទះបុរសរងគ្រោះ ក៏ស្ទុះមកខាំបុរសរងគ្រោះត្រូវជាកូនរបស់គាត់ បណ្តាលឱ្យរងរបួសរយះដៃទាំងសងខាង និងជើងខាងស្តាំ យ៉ាងធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ដេរជាច្រើនថ្នេរ។
អ្នកភូមិរស់នៅចំណុចនោះបាននាំគ្នានិយាយថាពួកគេកំពុងមានការព្រួយបារម្ភអំពីសុវត្ថិភាពដោយសារស្វាមួយក្បាលនេះ ឧស្សាហ៍រួចចេញពីទ្រុង ហើយវាមានភាពកាចសាហាវ ដើរតាមផ្ទះអ្នកភូមិរុះរើដំបូលផ្ទះរបស់ពួកគាត់ និងដេញខាំគេឯង ធ្វើឱ្យអ្នកភូមិភ័យរត់ចូលផ្ទះរៀងៗខ្លួន។ បុរសរងគ្រោះខាងលើនោះ ដោយសារមិនបានប្រយ័ត្ន មិនដឹងថាស្វានោះរួចពីទ្រុង ខណៈពេលដែលកំពុងអង្គុយជាមួយប្រពន្ធកូនស្រាប់តែសត្វស្វាដ៏សាហាវ បានស្ទុះមកខាំរូបគេតែម្តង។ នេះជាសំណាងដែរ ដែលបានខាំឪពុក បើសិនជាខាំកូនតូចដែលមានអាយុទើបតែ២ខែវិញនោះ ប្រហែលអាចគ្រោះថ្នាក់ដល់ជីវិតផងក៏អាចថាបាន ។
ករណីនេះក្រុមគ្រួសាររងគ្រោះ មិនបានប្តឹងដល់សមត្ថកិច្ចទេ គឺគ្រាន់តែឲ្យម្ចាស់ស្វាជួយចេញថ្លៃព្យាបាលតែប៉ុណ្ណោះ។ រីឯស្វាដែលតែងតែរួចចេញពីទ្រុងដើរធ្វើបាបអ្នកស្រុកដោយសារម្ចាស់ មិនបានយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវនោះ គួរតែជំនាញចុះពិនិត្យមើល និងធ្វើការចាប់សត្វស្វានោះ យកទៅលែងក្នុងព្រៃធម្មជាតិ ឬក៏សួនសត្វភ្នំតាម៉ៅ ដើម្បីចៀសវាងមានគ្រោះថ្នាក់ ដល់ពួកអ្នកស្រុកភូមិតទៅទៀត៕
ងិន លីម





























