ព្រះសីហនុ ៖ នារីជាកម្មកររោងចក្រស្បែងជើងញ៉ូស្តារម្នាក់ ត្រូវបានអ្នករត់ម៉ូតូឌុបនាំយកទៅចាប់រំលោភរហូតបានសំរេចនៅក្នុងដីឡូត៍មួយកន្លែង ត្រង់ចំណុចចំណោទលោកយាយម៉ៅកាលពីយប់ ថ្ងៃទី25ខែធ្នូ ឆ្នាំ2012ក្នុងភូមិ3សង្កាត់លេខ3ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ូច ស្រីអូន ភេទស្រីអាយុ១៦ឆ្នាំ មានស្រុកកំណើតភូមិព្រៃខ្នង ឃុំចក្រីទីង ស្រុកកំពត ខេត្តកំពត មានមុខរបរជាកម្មកររោងចក្រស្បែកជើងញ៉ូស្តារ ស្នាក់នៅផ្ទះជួលនៅតំបន់ឃ្លាំងលើក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ មន្ត្រីអ្នកអនុវត្តច្បាប់ដដែលបាននិយាយឲ្យដឹងទៀតថា យោងតាមពាក្យបណ្តឹងជនរងគ្រោះបានប្រាប់ថាខណៈពេលរូបគេចេញពីធ្វើការក្នុងរោងចក្ររូបគេបានមកអង្គុយចាំរថយន្តឈ្នួលជិះដាក់ខែមកទទួល ប៉ុន្តែនៅថ្ងៃកើតហេតុនោះមិនឃើញរថយន្តឈ្នួលមកទទួលនោះទេ ដោយអង្គុយចាំយូរនៅតែមិនឃើញរថយន្តមកទៀតនោះ រូបគេបានហៅម៉ូតូឌុបជិះទៅផ្ទះជួល។ ស្រាប់តែនៅពេលជិះម៉ូតូឌុបទៅផ្ទះពេលជិតដល់ផ្លូវបត់ចូលផ្ទះហើយនោះ ក៏ត្រូវបុរសរត់ម៉ូតូឌុបនោះបានបើកយ៉ាងលឿនមិនស្តាប់តាមបញ្ជានាងទេ គឺបើកបង្ហួសផ្ទះហើយបត់ចូលតាមផ្លូវលំគ្រួសក្រហមរួចក៏ឈប់ម៉ូតូធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចតែម្តង។ មន្ត្រីអាវុធហត្ថបាននិយាយទៀតថា បន្ទាប់ពីចាប់រំលោភបានសំរេចឆ្អែតឆ្អន់ហើយនោះជនសង្ស័យបានឡើងជិះម៉ូតូបើកចេញទៅបាត់ដោយទុករូបនាងឲ្យនៅម្នាក់ឯងក្នុងព្រៃស្ងាត់។ ប៉ុន្តែទោះបីជាកើតមានករណីចាប់រំលោភបែបនេះក៏ដោយជនរងគ្រោះទំនងជាស្រពិចស្រពិលមិនចាំមុខជនសង្ស័យច្បាស់លាស់នោះទេ។ បច្ចុប្បន្នជនសង្ស័យត្រូវកំលាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុកំពុងស្វែងរកដើម្បីនាំខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ស៊ុយ ចាន់ធា

































