បាត់ដំបង ៖ គ្រឿងញៀនប្រភេទម៉ាទឹកកកទម្ងន់ជាងកន្លះគីឡូក្រាមត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការបង្ក្រាបទាំងមុខសញ្ញាមួយក្រុមផង បន្ទាប់ពីក្រុមនេះដឹកនាំគ្រឿងញៀនលោតឆត្រពីស្ទឹងត្រែងទៅបាត់ដំបង។
ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ស.ថេត ស្នងការនគរបាលខេត្តបាត់ដំបងស្ដីពីការបង្ក្រាបគ្រឿងញៀនឲ្យបានខ្លាំងក្លារួចមកនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង១១កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបមុខសញ្ញាមួយសំបុកដែលដឹកនាំគ្រឿងញៀនពីខេត្តស្ទឹងត្រែងមកប្រគល់ឲ្យម៉ូយនៅចំណុចភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមការអះអាងពីសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា បក្ខពួក១ក្រុមនេះត្រូវបានកម្លាំងសម្ងាត់ធ្វើការទាក់ទងទិញគ្រឿងញៀនប្រភេទយ៉ាម៉ាទម្ងន់កន្លះគីឡូក្រាម។ ក្រោយពីមានការឯកភាពគ្នាហើយពួកគេបាននាំទំនិញនេះជិះឡានពីក្រុងស្ទឹងត្រែងឆ្លងកាត់ភ្នំពេញ ហើយឆ្ពោះទៅកាន់ខេត្តបាត់ដំបង ដោយនៅពេលនោះកម្លាំងសម្ងាត់បានយករថយន្តកាមរីទៅទទួលពួកគេពីចំណតរថយន្តដើម្បីរកកន្លែងស្ងាត់ដោះដូរទំនិញ ដោយពួកគេជិះរថយន្ត៣នាក់និងជិះម៉ូតូឌុបគ្នាម្នាក់ពីក្រោយ។ សមត្ថកិច្ចបានបន្តទៀតថា លុះមកដល់ចំណុចភូមិរតនៈ កម្លាំងបានសុំមើលទំនិញ ក្រោយពីពួកគេបានបើកបង្ហាញឲ្យឃើញរួចមក សមត្ថកិច្ចដែលនៅត្រៀមខាងក្រៅក៏បានក្រសោបទាំងសំបុកតែម្ដងដោយធ្វើការដកហូតវត្ថុតាងមកជាមួយផងដែរ។
ជនសង្ស័យទាំង៤នាក់មានឈ្មោះ១.ពុត ព្រុំ(ប្ដី) អាយុ៥១ឆ្នាំ ២.លី ណា(ប្រពន្ធ) អាយុ៤៦ឆ្នាំ ៣. ប៊ុន ស៊រ ភេទស្រី អាយុ៤០ឆ្នាំ អ្នកទាំង៣រស់នៅឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល និង៤. តាំង វីន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះ ចំណែកគ្រឿងញៀនប្រភេទម៉ាទឹកកកដែលនៅជាប់នឹងខ្លួនឈ្មោះ តាំង វីនមានទម្ងន់៥៧៦ក្រាម។
នៅចំពោះមុខសមត្ថកិច្ចអ្នកទាំង៤បានឆ្លើយសារភាពថា គេគ្រាន់តែជាអ្នកស៊ីឈ្នួលកាន់ថ្នាំញៀនយកទៅប្រគល់ឲ្យគេតែប៉ុណ្ណោះ ដោយថ្នាំទាំងនេះគឺយកមកពីអ្នករកស៊ីកាប់ឈើម្នាក់នៅខេត្តក្រចេះព្រោះកន្លងមកពួកគេធ្លាប់ធ្វើការកាប់ឈើជាមួយគ្នា។
បច្ចុប្បន្នមុខសញ្ញា និងវត្ថុតាងត្រូវកម្លាំងការិយាល័យជំនាញរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ៕
និយមរ័ត្ន
































