ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឯកភាពគ្នាជាគោលការណ៍បង្កើតតំបន់ទេសចរថ្មើរជើងពេលចុងសប្តាហ៍ក្នុងរាជធានីភ្នំពេញតាមរយៈកិច្ចប្រជុំសំរេចជាលើកចុងក្រោយនាព្រឹកថ្ងៃទី២៦ ខែធ្នូ នៅសាលារាជធានីភ្នំពេញដោយបានអញ្ជើញជាអធិបតីភាពដោយលោកថោង ខុនរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងលោក កែប ជុតិមាអភិបាលរាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកកែប ជុតិមា ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍ថា ធម្មតាប្រជាពលរដ្ឋយើងតែងតែមានទំលាប់ជិះយានយន្តចូលឲ្យដល់ជាប់នឹងទីតាំងណា១ដែលខ្លួនចង់ចូល ទើបបង្កឲ្យមានការកកស្ទះចរាចរនៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ដូច្នេះពេលនេះ ដល់ពេលដែលត្រូវកែទំលាប់ប្រជាពលរដ្ឋ ជាបណ្តើរៗលើការធ្វើដំណើរក្នុងទីក្រុងដូចបណ្តាប្រទេសនានានៅលើសកលលោកហើយ ដោយអ្វីដែលគេកំពុងអនុវត្តគឺតំបន់ខ្លះក្នុងទីក្រុងគេធ្វើដំណើរដោយថ្មើរជើង ដើម្បីលើកកំពស់សោភណ្ឌភាពបរិស្ថានទីក្រុង និងកាត់បន្ថយការកកស្ទះចរាចរ។ នេះជាគំរោងការ១ដែលសាលារាជធានីភ្នំពេញ សហការជាមួយក្រសួងទេសចរណ៍បានគិតគូអស់រយៈពេលជាង២ឆ្នាំមកហើយ។
កិច្ចប្រជុំបានឯកភាពយក ចំណុចទីតាំងមុខក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើជាចំណុចចាប់ផ្តើម នៃការអនុវត្តតំបន់ទេសចរថ្មើរជើងចុងសប្តាហ៍ក្នុងរាជធានីភ្នំពេញដោយសារចំណុចនេះសំបូរដោយសំណង់បេតិកភណ្ឌ និងស្ថាបត្យកម្មប្រវត្តិសាស្ត្រ។ ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីគំរោងរៀបចំចំណតយានយន្តនៅក្បែរទីទាំងនោះផងដែរ។ ចំណតនោះតាមគំរោងមានកំពស់រហូតដល់៨ជាន់និងនៅខាងក្រោមចំណតនេះមានទីផ្សារនិងមាន
ភោជនីយដ្ឋានទៀតផង ហើយនិងអាចប្រើប្រាស់ថវិការហូតដល់១០លាន
ដុល្លារអាមេរិក។ ក្រៅពីនោះក៏ត្រូវមានការអភិរក្សរាល់សំណង់ស្ថាបត្យកម្មប្រវត្តិសាស្ត្រឲ្យបានម៉ត់ចត់ទៀតផង។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ជាការសាងល្បង តំបន់ទេសចរថ្មើរជើងនេះអនុវត្តតែចុងសប្តាហ៍ និងពេលរាត្រីតែប៉ុណ្ណោះ គឺចាប់ពីម៉ោង៦ល្ងាចតទៅ។លោករដ្ឋមន្ត្រីបញ្ជាក់ថា យើងចង់ប្រែក្លាយចំណុចជាច្រើនក្នុងរាជធានីភ្នំពេញឲ្យទៅជាតំបន់ទេសចរណ៍ថ្មើរជើង កាត់បន្ថយការប្រើប្រាស់យានយន្តក្នុងទីក្រុង៕
ស្រីរ័ត្ន
































