ឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរមួយដោយសារតែរថយន្តកាមរី បុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់ គឺទី១-ឈ្មោះអួន ថា ភេទប្រុស អាយុ២១ឆ្នាំ របួសជើងសងខាងរស់នៅភូមិផ្ដៀកជ្រុំ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងម្នាក់ទៀតឈ្មោះសាត ជិន ហៅក្រិម ភេទប្រុស អាយុ១៩ឆ្នាំ របួសបែកក្បាល និងផ្ទៃមុខសន្លប់ធំជាអ្នកបើកបរម៉ូតូម៉ាកវេវអេស សេរី២០១២ ពណ៌ក្រហម គ្មានស្លាកលេខជិះគ្នា២នាក់។
ចំណែករថយន្តកាមរីសេរី៩០ពណ៌ពណ៌ក្រហមពាក់ស្លាកលេខ សៀមរាប ២A០២៦៥ អ្នកបើកបរ ឈ្មោះញ៉ែម អេន ជាអភិបាលរងស្រុកអន្លង់វែងផងដែរ ដែលបើកបរដោយបញ្ច្រាសទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខP.R១៧៤ ស្ថិតនៅទល់មុខសាលាស្រុកអន្លង់វែង ក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែធ្នូ ២០១២។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីមួយគ្រឿងបើកបរដោយលោកញ៉ែម អេន អភិបាលរងស្រុកអន្លង់វែង បើកបរពីទិសខាងលិចឆ្ពោះទៅកើត លុះពេលធ្វើដំណើរមកជិតដល់ផ្ទះក៏បានបត់រថយន្តបំរុងចូលទៅក្នុងផ្ទះ ស្រាប់តែបានជួបប្រទះនិងម៉ូតូមួយគ្រឿងម៉ាកវ៉េវអេសជិះគ្នាចំនួន២នាក់ ហើយមានជាតិអាកុលនៅក្នុងខ្លួនផងនោះ បានបើកបរក្នុងល្បឿនយ៉ាងលឿនបុកជាមួយនឹងរថយន្តកាមរីពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់់ផ្លោងចេញពីម៉ូតូចំងាយ១០ម៉ែត្ររងរបួសធ្ងន់សន្លប់ម្នាក់។
សាក្សីបានបន្តថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងអស់រយៈពេលជិតមួយម៉ោងទើបគេបានឃើញសមត្ថកិច្ចប៉ូលសផ្នែកចរាចរណ៍ស្រុកអន្លង់វែងមកដល់ធ្វើការវាស់វែងនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករងរបួសត្រូវបាននាំយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ វត្ថុតាងមានម៉ូតូនិងរថយន្តត្រូវប៉ូលិសនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងរង់ចាំការដោះស្រាយតាមនីតិវិធី៕
យ៉េន ឆៃ
































