ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសមធ្យមដោយស្នាដៃបុរស២នាក់ ដែលមានទីលំនៅក្បែរគ្នាជិះម៉ូតូមកតាមធាក់ផ្ដួលម៉ូតូរបស់ពួកនាងៗខាងលើព្រោះតែរឿងតាមស្រឡាញ់មិនបាន។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១២ នៅម្ដុំភោជនីយដ្ឋាន«ម្លិះ៧៧» តាមបណ្ដោយផ្លូវលេខ១០១៩ ក្បែរទីស្នាក់ការប៉ូលិសប៉ុស្តិ៍ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីៗរងគ្រោះមានទី១. ឈ្មោះ ស៊ឹម ចាន់ធឿន អាយុ២៤ឆ្នាំ ទី២. ឈ្មោះ ស្រី អូន អាយុ១៩ឆ្នាំ ជាសិស្ស ទី៣. ឈ្មោះ សៀង ថាវរី អាយុ២៥ឆ្នាំ។ ពួកនាងទាំង៣នាក់ជាបងប្អូនជូនមួយនឹងគ្នា និងមានទីលំនៅក្នុងភូមិថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមការអះអាងរបស់នារីៗជាជនរងគ្រោះនិយាយថា ខណៈពេលនាងកំពុងធ្វើដំណើររួមគ្នាដោយម៉ូតូមួយគ្រឿងម៉ាកអាយខន ពាក់ស្លាកលេខភ្នំពេញ1AK-6406 តាមបណ្ដោយផ្លូវលេខ១០១៩ ក្នុងទិសដៅពីត្បូងទៅជើង ក៏ស្រាប់តែមានបុរស២នាក់ឈ្មោះ វ៉ាន់ និងឈ្មោះ ស្រស់ មានទីលំនៅក្បែរនាង បានជិះម៉ូតូមួយគ្រឿងឌុបគ្នាកៀរផ្ដួលម៉ូតូនាងបណ្ដាលឲ្យដួលគ្រោះថ្នាក់ទាំង៣នាក់ រួចជិះម៉ូតូគេចខ្លួនបាត់។
គ្រួសារជនរងគ្រោះបាននិយាយប្រាប់អ្នកកាសែតថា កន្លងមកឈ្មោះ វ៉ាន់ ដែលជាជនដៃដល់មានទីលំនៅផ្ទះក្បែរគ្នាបានតាមញ៉ែនាងឈ្មោះ ស៊ឹម ចាន់ធឿន ប៉ុន្តែនាងមិនស្រឡាញ់ព្រោះគ្មាននិស្ស័យទើបឈ្មោះ វ៉ាន់ នេះមានគំនិតតាមនិន្ទាឈ្នានីសនាងតាមរបៀបនេះតែម្ដង៕
ចៅចិត្ត

































