ភ្នំពេញ ៖ មានភាពភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីគេប្រទះឃើញបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានក្អកខ្លាំងពេករហូតធ្លាក់ឈាម ហើយបានដេកស្លាប់បាត់បង់ជីវិត ភ្លាមៗនៅក្បែរម៉ូតូC100របស់គាត់នៅលើខឿនចិញ្ចើមផ្លូវខាងមុខមន្ទីរពេទ្យ ជប៉ុន តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២០យប់១០នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរខាងកន្លែងកើតហេតុបានឲ្យដឹងអ្នករត់ម៉ូតូឌុបម្នាក់ដែលដេកស្លាប់នេះគាត់ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហមពាក់ស្លាកលេខ ន ៦៩ ២៣ភព១ហើយតែងតែរត់ឌុបជាប្រចាំនៅចំណុចកើតហេតុនិងស្នាក់នៅតាម សំយាបផ្ទះប្រជាពលរដ្ឋ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះរូបនោះគាត់ បានទៅទិញទឹកក្រឡុកមួយថង់ដើម្បី យកមកហូប តែមិនទាន់បានហូបផង ស្រាប់តែអាការៈជំងឺរបស់គាត់ចាប់ផ្តើមក្អកជាប់គ្នាយ៉ាងខ្លាំងរហូតដល់ធ្លាក់ឈាមហើយដេកស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុនោះតែម្តង។
បើតាមមន្ត្រីនគរបាល មូលដ្ឋានបានឲ្យដឹងថា អ្នករត់ម៉ូតូឌុបដែលស្លាប់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេដែលគាត់មានអាយុប្រហែលជាង៥០ឆ្នាំ សម្បុរស ពាក់អាវក្រណាត់ដៃវែង ពណ៌ខ្មៅ និងស្លៀកខោជើងវែងពណ៌ខ្លាញ់ក្តាមនិង នៅជាប់នឹងខ្លួនគាត់មានលុយ៨ម៉ឺនរៀល ហើយគាត់ស្លាប់ប្រហែលជាមានជំងឺធ្លាយក្រពះទើបបានជាក្អកធ្លាក់ឈាមស្លាប់ដូច្នេះ។
បន្ទាប់ពីហេតុការណ៍នោះកើតឡើងរួចមកនគរបាលប៉ុស្តិ៍និងអាជ្ញាធរសង្កាត់ស្រះចក ជួយអន្តរាគមន៍ រករថយន្តដឹកសព យកទៅតម្កល់ទុកនៅវត្តទួលសង្កែ ដើម្បីរង់ចាំបងប្អូនគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។ ជាមួយគ្នានោះដែអាជ្ញាធរមូលដ្ឋានក៏បាន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋណា ដែលមានបាត់សមាជិកគ្រួសារដូចមានភិនភាគខាងលើ សូមទៅពិនិត្យមើលនៅវត្តទួល សង្កែឬទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ស្រះចក។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចមូលដ្ឋានរក្សាទុកឲ្យ៕
រស្មី
































