យុវជន​ម្នាក់​បើក​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​គោយន្ត​ដឹក​អុស​ដែល​បត់​កាត់មុខ បណ្ដាល​ឲ្យ​កិន​ស្លាប់​ទាំង​កណ្ដាល​ថ្ងៃត្រង់​

ថ្ងៃ ច័ន្ទ ទី12 មករា ឆ្នាំ2015 ម៉ោង08:40   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ថារិទ្ធ​

Pisey-12-01-2015-full-B1

កំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់​នៅ​កន្លែង​កើត​ហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃត្រង់ ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៥ នៅ​លើ​ផ្លូវ​គ្រួស​ក្រហម ចំណុច​ផ្លូវបែក​ជា​៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ក្រវាន់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ នៅ​ពេល​ដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​បង្ខំ​ដួល​ចូល​ក្រោម​កង់​គោយន្ត​ដឹក​អុស ដែល​កំពុង​បើក​បត់​កាត់មុខ​ម៉ូតូ​ជនរងគ្រោះ។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ យុវជន​ម្នាក់ ឈ្មោះ ទូច សុខុន អាយុ​២៧​ឆ្នាំ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល 1B.3987 បើក​ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបំបែក ស្រាប់​តែ​មាន​គោយន្ត​ដឹក​អុស​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះ ឆន សារ៉ាន់ អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ចំបក់​ប្រាសាទ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស បាន​បត់​ឆ្វេង​កាត់​ទទឹង​ពី​មុខ​ម៉ូតូ​ជនរងគ្រោះ ភ្លាម​នោះ​ជនរងគ្រោះ​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ​ធ្វើ​ឲ្យ​ម៉ូតូ​ដួល ​ហើយ​ជនរងគ្រោះ​ខ្ទាត​បោក​ដួល​ចូល​ក្រោម​រ៉ឺម៉ក​គោយន្ត​ដឹក​អុស​បណ្ដាល​ឲ្យ​គោយន្ត​ជាន់​ស្លាប់​ភ្លាមៗ​មួយ​នៅ​កន្លែង​កើត​ហេតុ​តែម្តង។ ក្រោយពេល​កើតហេតុ​គោយន្ត​បង្ក​មិនបាន​ឈប់​ទេ ​បាន​បើក​គេច​រហូត​ជិត​ដល់​ភូមិ​ព្រះរាម​រង្សី ​ទើប​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តាម​ចាប់បាន។

សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន​ចំណែក​គោយន្ត​ និង​ម៉ូតូ ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​ទុក​ដោះស្រាយ​ជាមួយ​ភាគី​ទាំង​២​តាម​នីតិ​វិធី​ច្បាប់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ សមត្ថកិច្ច​នគរបាល​និយាយ​ថា គឺ​បង្កឡើង​ដោយ​អ្នក​បើក​គោយន្ត​បត់​ឆ្វេង​មិន​ប្រយ័ត្ន គួបផ្សំ​អ្នក​បើក​ម៉ូតូ​បើក​លឿន ដល់​ផ្លូវបំបែក​មិន​បន្ថយល្បឿន​ ទើប​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​បែបនេះ​តែម្តង៕

Pisey-12-01-2015-full-B