កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ បានកើតមានអាការៈវិលមុខ ឈឺក្បាល និង រកក្អួតចង្អោរ បន្ទាប់ពីពួកគាត់បរិភោគ ប្រភេទត្រីសមុទ្រ ពេលអាហារថ្ងៃត្រង់ ប៉ុន្តែមិនមានអ្នករងគ្រោះធ្ងន់ធ្ងរនោះទេ។
ករណីពុលត្រីសមុទ្រនេះ បានកើតមានឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ស្ថិតក្នុងភូមិអង្គ ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានចំនួន៣៨នាក់ ក្នុង នោះ៥នាក់ឈានដល់សន្លប់ ក្រៅពីនោះកើតមានអាការៈឈឺក្បាល វិលមុខ រកកល់ក្អួតចង្អោរប៉ុណ្ណោះ វាមិនធ្ងន់ធ្ងរឡើយ។
ប្រភពព័ត៌មានបាននិយាយថា ប្រជាពលរដ្ឋរស់នៅភូមិអង្គ ឃុំនិទាន បាននាំគ្នាទិញប្រភេទត្រីសមុទ្រ(កាម៉ុង) សំរាប់ធ្វើអាហារហូប ស្ទើរគ្រប់គ្នា។ បន្ទាប់ពីទិញត្រីហើយនោះតាមគ្រួសារនិមួយៗ ចំអិនមុខម្ហូបខុសៗគ្នាភាគច្រើន ពួកគាត់ខរតែម្តង។ ប្រភពបានបន្តថាក្រោយចំអិនរួចរាល់ ប្រជាជនបានបរិភោគតាមផ្ទះរៀងខ្លួន បន្ទាប់ហូបបានមួយសន្ទុះស្រាប់តែមានអ្នក កើតអាការៈងីងើដូចខ្យល់ ឈឺក្បាល វិលមុខ រកក្អួតចង្អោរ បន្តបន្ទាប់គ្នាហុតឈានដល់ជិត៤០នាក់ ហើយក្នុងនោះមាន៥នាក់ប៉ុណ្ណោះ ធ្ងន់ធ្ងរប៉ុន្តែបណ្តាលឲ្យគ្រោះថ្នាក់ទេ ត្រូវបានក្រុមគ្រូពេទ្យចុះទៅជួយសង្គ្រោះទាន់ពេល។
លោកអនុសេនីយ៍ សម ចន្ថា អធិការស្រុកបរសេដ្ឋ បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅល្ងាចថ្ងៃទី២២ ខែកញ្ញានេះថាពិតជាមានករណីប្រជាពលរដ្ឋ រស់នៅភូមិអង្គ ឃុំនិទានចំនួន៣៨នាក់ ពុលត្រីសមុទ្រប្រាកដមែន ក្រោយពេលពួកគាត់នាំគ្នាទិញមកធ្វើម្ហូបអាហារសំរាប់បរិភោគ ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ។ លោកបន្តថា ក្នុងចំណោមអ្នកដែលពុល មាន៥នាក់កើតអាការៈរាងធ្ងន់ ប៉ុន្តែត្រូវបានគ្រូពេទ្យប្រចាំ មណ្ឌលសុខភាពជួយទាន់ពេល គ្មានបញ្ហាអ្វីឡើយ ។
លោកអធិការបានបញ្ជាក់ មុខដំបូងករណីពុលកើតមានគ្នាតិចទេ ប៉ុន្តែដោយសារម្នាក់ៗ ភ័យខ្លាចមានគ្រោះថ្នាក់ដល់ជីវិត ចេះតែបន្តគ្នាឈានដល់ច្រើននាក់ បែបនេះ ហើយពេលនេះ បានព្យាបាលគ្រប់គ្នាអស់ហើយ៕
រដ្ឋឋានៈ


































