ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈពេលដែលនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មន្ទីរសុខាភិបាលរាជធានី និង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឆ្មក់ចូលឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលស្ដុកឱសថខូចគុណភាព ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និង ឱសថក្លែងក្លាយប្រមាណជាង២តោន។
ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ដែលដឹកនាំដោយលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ទោ ជាសុមេធី ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហៀក ចំរើន ភេទប្រុសអាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៥ ផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមនជាអ្នកទិញលក់ថ្នាំពេទ្យនាំចូលមកពីប្រទេសវៀតណាមដោយគ្មានច្បាប់អនុញ្ញាត។
សមត្ថកិច្ចឆែកឆេរនិងរឹបអូសបានឱសថជាច្រើនប្រភេទចំនួន៤២មុខ ដែលភាគច្រើនផលិតនៅប្រទេសវៀតណាម និងបណ្ដាប្រទេសផ្សេងៗទៀត។ លោកវរសេនីយ៍ឯក ឡុងស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ក្រុមហ៊ុនSMCS Consultant Services Co.,Ltd. បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃពីករណីមានជនខិលខូចបាននិងកំពុងនាំចូល ស្តុក និងលក់ ចែកចាយផលិតផលឱសថគ្មានច្បាប់អនុញ្ញាតរំលោភលើសិទ្ធិចែកចាយរបស់ក្រុមហ៊ុន និង រំលោភលើច្បាប់កម្មសិទ្ធិបញ្ញា។
លោក វរសេនីយ៍ឯក ឡុង ស្រេង បានបញ្ជាក់ថាក្នុងចំណោមឱសថ៤២មុខដែលរឹបអូសបានមានឱសថ៣ប្រភេទជាឱសថក្លែងក្លាយ គឺ ឱសថម៉ាក LAROSCORBINE ឱសថ ម៉ាក DETAZOFOL ឱសថ២ប្រភេទហួសកាលបរិច្ឆេទប្រើប្រាស់មានបរិមាណរាប់ម៉ឺនអំពូល ចំណែកឱសថក្រៅពីនេះ គឺពុំមានច្បាប់អនុញ្ញាតឲ្យធ្វើការនាំចូល ស្ដុក និង លក់ចែកចាយឡើយ។
ជាមួយនឹងការរឹបអូសឱសថក្លែងក្លាយច្រើនប្រភេទជាច្រើនរយគីឡូក្រាមនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្ន និង ពិនិត្យឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់ឱសថដើម្បីព្យាបាលរោគ ព្រោះបច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនកំពុងធ្វើសកម្មភាពនាំចូលឱសថហួសកាលបរិច្ឆេទប្រើប្រាស់ ឱសថក្លែងក្លាយ និង ឱសថដែលមិនមានការបញ្ជាក់ពីការផលិតមកស្ដុកលក់ចែកចាយធ្វើឲ្យប៉ះពាល់ដល់ និង គ្រោះថ្នាក់ដល់សុខភាពសម្រាប់អ្នកប្រើប្រាស់៕
មករា



































