កែប ៖ ក្រុមចោរប្រដាប់ដោយអាវុធវែង ខ្លីបានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋទាំងក្បាលព្រលប់ ដោយបានយកកាំភ្លើងភ្ជង់សម្លុតយកគ្រឿងអលង្ការ ព្រមទាំងទ្រព្យសម្បតិ្តមានតម្លៃជាច្រើនទៀត រួចពួកវាគេចខ្លួនដោយសុវត្ថិភាព។ ទោះជាយ៉ាងណាករណីប្លន់ទ្រព្យសម្បតិ្តខាងលើក្រុមចោរមិនបានផ្ទុះអាវុធនាំបង្កភាពចលាចលនោះឡើយ។
ហេតុការណ៍ប្លន់ខាងលើបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦និង៤៥នាទីព្រលប់ថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១២ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយសកម្មភាពប្លន់នេះបានកើតឡើងនៅពេលម្ចាស់ផ្ទះកំពុងជួបជុំគ្នា ពិសាបាយពេលល្ងាច។
ទាក់ទិននឹងអំពើប្លន់ប្រដាប់អាវុធខាងលើ លោកវរសេនីយ៍ទោ ព្រំ សុវណ្ណ នាយរងការិយាល័យកណ្តាល យុត្តិធម៌ ខេត្តកែប បានប្រាប់ឲ្យដឹងថា ផ្ទះរងនូវករណីប្លន់នេះ មានម្ចាស់ផ្ទះឈ្មោះកេត រេន ភេទប្រុស អាយុ៦៩ឆ្នាំមានទីលំនៅសិ្ថតក្នុងភូមិសាស្ត្រកើតហេតុខាងលើ។ លោកបានបន្តដោយស្រង់តាមបណ្ដឹងរបស់ម្ចាស់ផ្ទះថា កាលពីវេលាដូចខាងលើ ក្រុមគ្រួសារទាំងមូលព្រមទាំងសាច់ញាតិមកពីក្រុងភ្នំពេញព្រមជាមួយនឹងកម្មករមួយគ្រួសារផងដែរ នៅពេលកំពុងជួបជុំគ្នាពិសារបាយពេលល្ងាច ស្រាប់តែមានលេចមុខមនុស្សមិនស្គាល់មុខចំនួន៤នាក់ប្រដាប់ដោយអាវុធគ្រប់ដៃ(វែង១ដើមនិងខ្លី៣ដើម)បានចូលមកភ្ជង់សម្លុតឲ្យពួកគាត់ដោះគ្រឿងអលង្ការដូចជាខ្សែក ក្រវិល ខ្សែដៃចិញ្ចៀន ព្រមទាំងប្រមូលយកលុយកាក់មួយចំនួនដែលមាននៅក្នុងផ្ទះ។ លោកបានឲ្យដឹងទៀតថា ទ្រព្យសម្បតិ្តដែលម្ចាស់ផ្ទះអះអាងថាចោរប្លន់ប្រមូលយកអស់ពីខ្លួនរួមមាន ខ្សែ.កមាសចំនួន២តម្លឹង គ្រឿងអលង្ការធ្វើឡើងពីប្លាទីនចំនួន៦ជីលុយខ្មែរចំនួន២៥០០០០០រៀល ប្រាក់ដុល្លាចំនួន១៣០ដុល្លា ទូរស័ព្ទដៃចំនួន៤គ្រឿងនិងម៉ូតូចំនួន
២គ្រឿងផងដែរ។
ចំពោះករណីប្លន់ប្រដាប់អាវុធខាងលើដោយមិនផ្ទុះអាវុធ១គ្រាប់នេះ កំលាំងសមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវយ៉ាងក្តៅគគុក ដោយសង្ឃឹមថានៅពេលខាងមុខក្រុមជនប្រព្រឹត្តប្រហែលរត់មិនរួចពីសំណាញ់ច្បាប់ឡើយ៕
ណារិទ្ធ
































