ភ្នំពេញ ៖ រថយន្ត៣គ្រឿងបានទទួលរងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយបានបោលបុកគ្នាយ៉ាងពេញទំហឹងរួចមកនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដីក្នុងហេតុការណ៍នោះ មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីរាត្រីទៀបភ្លឺឆ្លងចូលថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០១២ វេលាម៉ោង៤និង៤០នាទីនៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ប៉ូលិសចរាចរណ៍ខណ្ឌទួលគោកបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាកហាយឡិនឌ័រ បើកបោះពួយយ៉ាងលឿនតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះបើកបរមកដល់ចំណុចកើតហេតុរថយន្ត១គ្រឿងនេះមានបំណងបើកឆ្លងផ្លូវ ទើបបណ្ដាលឲ្យជ្រុលទៅបុករថយន្តVISTO ដែលបើកបរច្រាសទិសគ្នា(ពីលិចមកកើត) ចំពីមុខយ៉ាងពេញទំហឹងតែម្ដង។ ប៉ុន្តែដោយរថយន្តបង្កមិនអស់ល្បឿនក៏បានជ្រុលទៅបុករថយន្តនីសាន់ មួយគ្រឿងទៀតដែលបានបើកបរស្របទិសគ្នាជាមួយរថយន្តម៉ាកVISTO។ ក្នុងហេតុការណ៍នេះបានធ្វើឲ្យរថយន្តបង្កម៉ាកហាយឡិចឌ័ររួចអស់១កំណាត់មុខ រថយន្តរងគ្រោះម៉ាកVISTOរួចអស់មួយកំណាត់។ ចំណែករថយន្តម៉ាក នីសាន់វិញក៏បានខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ប៉ុន្តែមនុស្សពុំមានអ្នកណាម្នាក់រងគ្រោះធ្ងន់ធ្ងរនោះទេ។
រថយន្តទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយទោតាមផ្លូវច្បាប់៕
ស្រីរ័ត្ន
































