សៀមរាប ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២នេះ នៅសណ្ឋាគារអប្សរាអង្គរខេត្តសៀមរាប ថ្នាក់ឧត្ដមមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន បានមកជួបជុំគ្នា ដើមី្បធ្វើការពិភាក្សាលើសំណុំរឿងជាច្រើនដែលទាក់ទងទៅនឹងរបៀបវារៈ មុនពេល នៃកិច្ចប្រជុំថ្នាក់ឧត្ដមរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី៤៤ និងកិច្ចប្រជុំ ពាក់ព័ន្ធអាស៊ាន សហគមន៍តែ១ ជោគវាសនាតែ១ ក្រោមអធិបតីរបស់លោក ពេជ្រ ឬទ្ធី អគ្គនាយក ពាណិជ្ជកម្មក្នុងប្រទេស និង ជាប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន ។
ក្នុងនោះឯកឧត្តម បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ដោយផ្តោតទៅលើសំណុំឯកសារសំខាន់ៗមួយចំនួន ដែលមានការទាក់ទង នឹង សហប្រតិបត្តិការ សេដ្ឋកិច្ច សង្គមកិច្ច និង ពាណិជកម្ម នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាប្រទេសជាដៃគូរ ក្នុងការឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ ។ ក្នុងនោះប្រធានបទសំខាន់ៗជាច្រើន ដែលត្រូវលើកយកធ្វើកិច្ចពិភាក្សា ក្នុងនោះមាន ពាណិជ្ជកម្ម ទំនិញ ពាណិជ្ជកម្មសេវា ការវិនិយោគ តារាង ផែនការលំអិត និង តារាងពិន្ទុ សម្រាប់ការតាមដាននូវកម្រិតនៃការសន្យា របស់ប្រទេសនិមួយៗ ។ ក្នុងកិច្ច ប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននេះ ក៏បានពិភាក្សាផងដែរ អំពីក្របខណ្ឌអាស៊ាន សម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ប្រកបដោយសមធម៌ និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និង ដៃគូរយុទ្ធសាស្រ្ត អាស៊ាន ។
នៅក្នុងកិច្ចដំណើរការពិភាក្សាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននោះដែរ ក៏មានសមាសភាពចូលរួមមក ពីប្រទេស ឡាវ មីយ៉ាម៉ា សឹង្ហបុរី ប្រុយណេ ថៃ កម្ពុជា និង វៀតណាម ដោយបានលើកឡើងពីការបំពេញ បន្ថែម និង កែលំអខ្លឹមសារគោលសំខាន់ៗ នៃរបាយការណ៍ គន្លឹះទាំងពីរ ដែលនឹងត្រូវដាក់ជូនការពិនិត្យ សម្រេចរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ចអាស៊ាន លើកទី៤៤នេះ ដែលនឹងដំណើរការនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១២ខាងមុខនេះនៅខេត្តសៀមរាប ។ ទិដ្ឋភាពនៃកិច្ចពិភាក្សាក៏បានផ្តោតទៅលើភាពជាក់ស្តែង នៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាបញ្ហា ពាក់ព័ន្ធទៅនឹងការងារពន្ធផងដែរ ៕
គឿនវ៉េត

































