សេចក្ដីរាយការណ៍បានឲ្យដឹងថា គ្រោះខ្យល់ព្យុះដ៏កំណាចនោះបានបោកបក់ត្រូវផ្ទះប្រជា ពលរដ្ឋក្នុងភូមិព្រៃត្រឡាច ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២នេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់បានបង់ជីវិតនៅក្រោមផ្ទះសង្កត់ពីលើនោះមានឈ្មោះនួន ផុន អាយុ៤៨ឆ្នាំ ជាម្ដាយ និងម្នាក់ទៀតឈ្មោះផាន់ ស៊ីណា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាកូនប្រុស។ ប្រភពបានឲ្យដឹងទៀតថា ជនរងគ្រោះ៨នាក់ផ្សេងទៀតក៏រងរបួសដោយសារឥទ្ធិពលនៃខ្យល់ព្យុះនោះដែរ។
គ្រោះធម្មជាតិខ្យល់ព្យុះយ៉ាងសាហាវនេះ បានកើតមានឡើងអស់រយៈពេលមួយសន្ទុះ និងមានលាយឡំដោយខ្យល់ ភ្លៀងផង បានបោកបក់ត្រូវភូមិអ្នកស្រុកក្នុងល្បឿនខ្យល់លឿនជាហេតុធ្វើឲ្យប្រជាពលរដ្ឋមិនបានប្រុងប្រយ័ត្នក៏ត្រូវរងគ្រោះរហូតមានអ្នកខ្លះស្លាប់បាត់បង់ជីវិត និងរងរបួសបែបនេះតែម្ដង៕
ចិន្តា
































