ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១២ស្ថិតនៅទីបញ្ជាការយោធភូមិភាគ៤ជួរមុខអូរគគីរ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានបើកកិច្ចប្រជុំពិសេសក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ជាតារាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជាថៃទិសយោធភូមិភាគ៤និងមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ជា ម៉ន លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក រួមមានមេបញ្ជាការមេបញ្ជាការរងប្រចាំទិសព្រំដែនទាំង៣ព្រមទាំងអាជ្ញាធរខេត្តស្ថាប័នតុលាការនិងថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើដែលសមាសភាពចូលរួមប្រជុំមកពីខេត្តព្រះវិហារនិងឧត្តរមានជ័យក្នុងប្រធានបទជជែកពិភាក្សាស្ដីពីការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើដែលកើតមានទ្បើងតាមច្រកមួយចំនួនតាមបណ្ដោយព្រំដែន។
លោកនាយឧត្តមសេនីយ៍ ជា តារា បានមានប្រសាសន៍ថាបច្ចុប្បន្នកងយោធពលខេមរភូមិន្ទបានទទួលការគាំទ្រនិងកោតសសើរពីសំណាក់រាជរដ្ឋាភិបាលនិងប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលបានតស៊ូប្ដូរផ្ដាច់
ការពារបូរណភាពទឹកដីតំបន់ប្រាសាទព្រះវិហារបានយ៉ាងរឹងមាំនៅពេលនេះយើងទាំងអស់គ្នាត្រូវងាកមករកវិធានការថ្មីៗរួមគ្នាឈានទៅធ្វើការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើអោយមានប្រសិទ្ធភាពជាពិសេសទប់ស្កាត់និងអប់រំណែនាំពលករខ្មែរកុំអោយចូលទឹកថៃខុសច្បាប់ទៅអូសឈើគ្រញូងដែលត្រូវទាហានថៃបាញ់ស្លាប់របួសនិងចាប់ឃុំខ្លួន។
លទ្ធផលរបាយការណ៍ក្នុងកិច្ចប្រជុំបានអោយដឹងថាចាប់ពីថ្ងៃទី១មករាដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០១២ថ្មីៗនេះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃទិសយោធភូមិភាគ៤មានពលករខ្មែរចូលទឹកដីថៃខុសច្បាប់ទៅអូសឈើគ្រញូងតាមច្រករបៀងដូចជាអានសេះប្រាសាទព្រះវិហារអន្លង់វែងអូរស្មាច់ប្រាសាទតាមាន់បឹងត្រកួនច្រកផ្សេងទៀតនៅខេត្តបាត់ដំបងត្រូវបានទាហានថៃបាញ់ស្លាប់ចំនួន១៨នាក់របួស១១នាក់និងចាប់ខ្លួន៩៧នាក់ធ្វើអោយអង្គប្រជុំពិសេសទាំងមូលសំដែងការក្រៀមក្រំអាណិតអាសូរដល់ពលករទាំងនោះក្រៃលែង។
ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ខាងលើដែលសមាសភាពចូលរួមសុទ្ធតែថ្នាក់នាយទាហានជាន់ខ្ពស់ថ្នាក់ដឹកនាំខេត្តស្ថាប័នតុលាការថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបានធ្វើការជជែកពិភាក្សាដេញដោលគ្នាយ៉ាងក្ដៅគគុកដើម្បីរិះរកវិធានការក្ដៅថ្មីៗរួមគ្នាយកមកគោរពអនុវត្តអោយមានប្រសិទ្ធភាពឈានទៅធ្វើការបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើជាពិសេសខិតខំទប់ស្កាត់កុំអោយពលករខ្មែរចូលក្នុងដីថៃខុសច្បាប់ទៅអូសឈើគ្រញូងដើម្បីបញ្ចៀសកុំអោយពួកគាត់ជួបគ្រោះថ្នាក់ដល់អាយុជីវិត។
លទ្ធផលខ្លឹមសារជាសំខាន់បំផុតរបស់អង្គប្រជុំទាំងមូលកំណត់យកគោលការណ៍៣ចំណុចរួមគ្នាយកមកគោរពអនុវត្តគឺទី១រកវិធីដោះស្រាយទី២ប្ដេជ្ញាចិត្តម៉ឺងម៉ាត់និងទី៣ដាក់ចេញវិធានការក្ដៅទទួលខុសត្រូវតាមទិសរៀងៗខ្លួនបើកើតមានករណីពលករខ្មែរចូលដីថៃទៅអូសឈើគ្រញូងបណ្ដាលអោយស្លាប់របួសនិងចាប់ខ្លួនគឺមេទិសនោះត្រូវមានទោសនៅចំពោះមុខថ្នាក់លើរបស់ខ្លួន។
លោក អ៊ិត ភូម្រា នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារទទួលបន្ទុករួមបានមានមតិយោបល់នៅក្នុងកិច្ចប្រជុំខាងលើថាអង្គភាពជំនាញរបស់លោកនឹងខិតខំចូលរួមសហការអោយបានល្អតាមខ្លឹមសារអង្គប្រជុំ៕
មង្គល

































