ភ្នំពេញ ៖ ម៉ូតូសង់ស៊េរីឆ្នាំ២០១២ និងម៉ូតូស្កុបពី បុកគ្នាពេញទំហឹង នៅវេលាម៉ោង ១១យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១០ កែងផ្លូវលេខ១១ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ម៉ូតូ២គ្រឿងបុកគ្នាមួយគ្រឿងម៉ាកស្កុបពីពាក់ស្លាកលេខ ភ្នំពេញ 1AR-4809 ពណ៌ស បើកបរដោយយុវជនម្នាក់មិនស្គាល់អត្តសញ្ញាណបានបុកគ្នាជាមួយម៉ូតសង់សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅគ្មានស្លាកលេខ បុកគ្នាពេញមួយទំហឹងក្នុងទិសដៅច្រាសគ្នា។
សាក្សីបន្តថានៅមុនពេលកើតហេតុគេឃើញម៉ូតូសង់ស៊េរីឆ្នាំ២០១២ និងម៉ូតូស្កុបពី បើកតាមបណ្តោយផ្លូវលេខ៣១០ក្នុងល្បឿនលឿនមានទិសដៅបញ្ច្រាសទិសគ្នា លុះដល់ចំណុចផ្លូវកែងលេខ១១ម៉ូតូទាំង២គ្រឿងបានបុកគ្នាពេញទំហឹង លាន់ដូចរន្ទះបណ្តាលឲ្យភាគីម្ខាងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយម្នាក់ទៀតរងរបួសធ្ងន់ បានដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិត និង យុវជនរងរបួសមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែមានស្ត្រីវ័យចំណាស់ម្នាក់ បានអះអាងថា ជាសាច់ញាតិជនរងគ្រោះ ដែលស្លាប់ ហើយបញ្ជាក់ថា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីរង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ឌួង


































