សៀមរាប ៖ ព្រឹកថ្ងៃទី១១ ត្រូវនឹងថ្ងៃ៥រោច ខែចែត្រ ឆ្នាំថោះ សីស័ក ព.ស ២៥៥៥ នៅអគាររដ្ឋបាលខេត្តសៀមរាប បាននិមន្តព្រះសង្ឃចំនួន៩៦អង្គសូត្រមន្តប្រោះព្រំលើករាសីទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ក្នុងគោលបំណងសុំនូវពរជ័យសិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាថ្ងៃទី១៣-១៤-១៥ ខែមេសា ឆ្នាំ២០១២ខាងមុខនេះ។
លោកស៊ូ ភិរិន្ទ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងថាតាមកម្មវិធីគ្រោងទុក ក្នុងដំណើរទស្សនកិច្ចរបស់លោកថាក់ស៊ីន សាលាខេត្តនឹងរៀបចំពិធីជួបជុំ និងប្រគុំតន្ត្រី នៅទីតាំងអតីតមជ្ឈមណ្ឌលតាំងពិព័រណ៍ អង្គរឃ្យុងយូ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១២ ព្រមទាំងរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ២៦៤អង្គនៅបរិវេណមុខប្រាសាទអង្គរវត្តនាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ ។
លោកបណ្ឌិតស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់ថាដើម្បីជួយសម្រួលឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានល្អប្រសើរ និងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ព្រមទាំងរបៀបរៀបរយជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អាជ្ញាធរខេត្ត ក្រុង នឹងចាត់កំលាំងសន្តិសុខការពារសុវត្ថិភាពនិងសំរួលចរាចរនៅតាមផ្លូវសាធារណៈផ្សេងៗ សំរាប់ជាការលើកទឹកចិត្ត និងសំដែងនូវអំណរសាទរដល់ភ្ញៀវដែលអញ្ជើញមកទស្សនាដ៏ច្រើនកុះករនេះ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលគ្រោងនឹងមកកំសាន្តនៅខេត្តសៀមរាបអតីតរាជធានីនៃអាណាចក្រខ្មែរ សម័យអង្គរ និងដើម្បីបន្តលើកកម្កល់នូវកិត្យានុភាពជាតិ។
លោកបណ្ឌិតស៊ូ ភិរិន្ទ បានបន្តទៀតថាប្រជាពលរដ្ឋថៃដែលមកកាន់ខេត្តសៀមរាបមានចំនួនប្រមាណ ៣៥.០០០ ទៅ៥០.០០០នាក់ ពួកគេមករង់ចាំទទួលស្វាគមន៍លោកថាក់ស៊ីន ដែលមកដល់ខេត្តសៀមរាបនៅថ្ងៃទី១៤ ខែមេសា ហើយអាជ្ញាធរខេត្តនឹងរៀបចំកន្លែងស្នាក់នៅក្នុងមជ្ឈមណ្ឌលអង្គរឃ្យុងយូខេត្តសៀមរាបដែលមានរយៈពេលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១២ ។
លោកបណ្ឌិតអភិបាលក៏បានអំពាវនាវដល់អាជីវករលក់ដូរទាំងនៅក្នុងក្រុងសៀមរាប និងបរិវេណជុំវិញ មេត្តាលក់ដូរនូវតម្លៃធម្មតា កុំតម្លើងថ្លៃឱ្យសោះទាំងផ្ទះសំណាក់ក៏ដូចជាសណ្ឋាគារផងដែរ៕
គឿនវ៉េត






























