កំពត ៖ រថយន្តទួរីសផ្ទុកដោយប្រេងគេចពន្ធមួយគ្រឿងបានក្រឡាប់ចូលប្រឡាយ ខណៈពេលកំពុងបោះពួយនៅលើផ្លូវជាតិលេខ៣១ហើយបែកកង់ក្រោយទើបបណ្តាលឲ្យរេចង្កូតខុសផ្លូវរួចជ្រុលទៅធ្លាក់ប្រឡាយបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រតែម្តង។
ហេតុការណ៍នេះបន្ទាប់ពីកើតឡើងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះឡើយ ហើយម្ចាស់រថយន្តក៏បានហៅរថយន្តស្ទូចអូសទៅបាត់ទាំងយប់ភ្លាមៗផងដែរ។ គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ វេលាម៉ោង១និង៥០នាទី សិ្ថតត្រង់ចំណុចខាងលិចស្ពានអង្គសុរភី ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពពីអ្នកដែលមានទីលំនៅក្បែរកន្លែងកើតហេតុបាននិយាយថា មុនពេលមានករណីនេះកើតឡើងពីដំបូងពួកគាត់បានឮសម្លេងរថយន្តចាប់ហ្វ្រាំងដោយបន្លឺស្នូរយ៉ាងកគ្រឹកនៅចំណុចកើតហេតុ ទើបពួកគាត់នាំគ្នាបើកទ្វារផ្ទះចេញមកមើលក៏ឃើញរថយន្តម៉ាកទួរីសនេះធ្លាក់ក្រឡាប់ផ្ងារជើងនៅក្នុងប្រឡាយ ហើយរំពេចនោះគេឃើញអ្នកជិះក្នុងរថយន្តលូនចេញពីកាប៊ីនទាំងព្រលឹងចុងសក់។ ប្រភពដដែលបានបន្តថា ភ្លាមៗនោះម្ចាស់រថយន្តបានទាញទូរស័ព្ទមកតេសុំអន្តរាគមន៍ រួចហៅរថយន្តស្ទូចឡើងលើហើយបើកទ្វាររថយន្តជញ្ជូនប្រេង ដាក់រថយន្តមួយផ្សេងទៀត ដឹកប្រេងគេចពន្ធបន្តទៅទិសខាងជើងតែម្តង។
ប្រភពបានឲ្យដឹងទៀតថារថយន្តនោះមានផ្ទុកប្រេងគេចពន្ធប្រមាណ៨០កាន ដែលគេដឹកមកពីភាគខាងលិចដើម្បីយកទៅលក់នៅតាមកន្លែងស្តុកប្រេងនានាតាមស្រុកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពត ដូចជាស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យជាដើម។
ករណីគ្រោះថ្នាក់នេះផ្តើមឡើងដោយសាររថយន្តមួយគ្រឿងនេះផ្ទុកប្រេងលើសចំណុះទើបបណ្តាលឲ្យបែកកង់ក្រោយផ្នែកខាងឆ្វេងរួចទាញចង្កូតក្រឡាប់ធ្លាក់ប្រឡាយតែម្តង។ ប៉ុន្តែសំណាងល្អរថយន្តមិនផ្ទុះឆេះទើបអ្នកជិះក្នុងរថយន្តទាំងអស់គេចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
បើតាមការទំលាយពីប្រភពច្បាស់ការណ៍មួយទៀតបានខ្សឹបប្រាប់ថា រថយន្តទួរីសដឹកប្រេងគេចពន្ធដែលក្រឡាប់នេះជារបស់អភិបាលរងខេត្តកំពតម្នាក់ ហើយរថយន្តនេះបានដឹកជញ្ជូនប្រេងគេចពន្ធចង់ដុះស្លែទៅហើយ តែហាក់ពុំដែលឃើញខាងសមត្ថកិច្ចជំនាញណាចាប់បង្រ្កាបឡើយ មិនតែប៉ុណ្ណោះរថយន្តដែលដឹកប្រេងនោះមានប្រមាណ៣គ្រឿងតែងតែធ្វើសកម្មភាពដឹកប្រេងគេចពន្ធទាំងយប់ទាំងថ្ងៃតាមដងផ្លូវជាតិលេខ៣៣និង៣១ចាប់ពីចំណុចវាលរេញបន្តរហូតដល់
ភូមិសាស្ត្រស្រុកអង្គរជ័យ ខេត្តកំពត៕
ណារិទ្ធ


































