តុលាការ​កោះហៅ​មេដឹកនាំ​សហជីព​មួយ​រូប​សួរចម្លើយ​ទាក់ទង​អំពើ​ហិង្សា​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា

ថ្ងៃ អង្គារ ទី02 កញ្ញា ឆ្នាំ2014 ម៉ោង16:23   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: កោះកែវ​

ភ្នំពេញ​ ៖​ លោក​ ​ប៉ាវ ស៊ីណា ​ជា​ប្រធាន​សហព័ន្ធ ​សហជីព​ចលនា​កម្មករ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ទៅ​សាកសួរ​ទាក់ទង​ទៅ​នឹង​អំពើ ហិង្សា​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង។

យោងតាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លូន​របស់លោក​ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដែល​កម្ពុ​ជាថ្មី​ទទួលបាន​នៅ​ថ្ងៃទី​០២ ខែកញ្ញា​ឆ្នាំ​២០១៤ បាន​កោះហៅ​ឈ្មោះ​ប៉ាវ ស៊ីណា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ មុខរបរ​ជា​ប្រធាន​សហព័ន្ធ សហជីព​ចលនា​កម្មក​រ (CUMW) មាន​ទីលំនៅ​ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឲ្យ​ចូលទៅ​កាន់​តុលាការ​នៅ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ដើម្បី​សួរចម្លើយ​ពី​ដំណើររឿង​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ស្ថាន​ទម្ងន់​ទោស គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​ មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរ​សាធារណៈ។

តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ដដែល​នោះ លោក​ជា សុខ​ហៀ​ង​បាន​បញ្ជាក់ថា បទល្មើស ដែល​ត្រូវ​ចោទប្រកាន់​នោះបាន​ប្រព្រឹត្ត​នូវ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ​ឆ្នាំ​២០១៣​រហូតដល់​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៤​តាម​មាត្រា ២១៨.៤១១.៤២៤​នៃ​ក្រមព្រហ្មទណ្ឌ​ និង​មាត្រា​៧៨​នៃ​ច្បាប់​ចរាចរ​ផ្លូវគោក។

ទាក់ទង​ទៅ​នឹង​ការ​កោះហៅ​នេះ កម្ពុ​ជាថ្មី​មិនអាច​ទាក់ទង​សុំ​បំភ្លឺ​ពី​លោក​ប៉ាវ ស៊ី​ណា​បាន​នៅឡើយ​ទេ រហូតមកដល់​រសៀល​ថ្ងៃទី​០២ ខែ​កញ្ញា ប៉ុន្តែ​គេ​នៅចាំ​បាន​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នា​ផ្លូវ​វ៉េងស្រេង​នោះ ក្រុម​បាតុករ​អានាធិបតេយ្យ​មួយ​ក្រុម​បាន​បង្ក​ទៅជា​អំពើ​ហិង្សា​រហូតដល់​មានការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​ឯកជន​យ៉ាងច្រើន​ដែល​ក្នុង​នោះ​គ្លីនិក​មួយ​កន្លែង​ក៏​រង​ការបំផ្លាញ​ផងដែរ។ ស្ថានភាព​នោះបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​អំពើហិង្សា​នោះ៕