ភ្នំពេញ ៖ នារីជាជាងកាត់ដេរម្នាក់ត្រូវបានគេជួយសង្គ្រោះដឹកបញ្ជូនយ៉ាងបន្ទាន់មកកាន់មន្ទីរពេទ្យព្រះកុសុមៈក្រោយពេលដែលនារីម្នាក់នេះបានធ្វើអត្តឃាតដោយលោតពីលើផ្ទះជាន់ទី១ធ្លាក់មកដល់ដីប៉ុន្តែសំណាងល្អមិនស្លាប់តែពិការល្វែងខាងក្រោមអស់មួយជីវិត។
ហេតុការណ៍នៃការលោតធ្វើអត្តឃាតនេះបានកើតមានឡើងកាលពីរាត្រីថ្ងៃទី១២មិនា២០១២វេលាម៉ោង១១និង៤៥នាទីនៅម្ដុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក។
នារីរងគ្រោះម្នាក់នេះត្រូវបានគេប្រាប់អោយស្គាល់ឈ្មោះ សៀង អាយុ១៩ឆ្នាំ មុខរបរជាជាងកាត់ដេរស្នាក់នៅសង្កាត់ស្ទឹងមានជយ័ខណ្ឌមានជ័យនិងមានស្រុកកំណើតភូមិអង្គរជ័យឃុំមហាខ្ញូងស្រុកកោះសូទិនខេត្តកំពង់ចាម។
ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតនារីរងគ្រោះបានចាកចេញពីផ្ទះរបស់ខ្លួនមកកន្លែងកើតហេតុដើម្បីមកលេងមិត្តភ័ក្តិនិងម្យ៉ាងដើម្បីជជែកគ្នាពីបញ្ហាផ្លូវចិត្តផងដែរ ព្រោះតែគូដណ្ដឹងមិនយល់ចិត្ត។
ការជជែកគ្នានោះបានប្រើពេលយ៉ាងយូរតែនារីរងគ្រោះនៅតែទប់អារម្មណ៍មិនបានទើបដើរទៅលើដំបូលផ្ទះរបស់គេក្បែរនោះហើយលោតទំលាក់ខ្លួនពីលើជាន់ទីមួយមកក្រោមតែម្ដង។ក្រោយពេលកើតហេតុមិត្តភ័ក្តិនារីរងគ្រោះក៏បានដឹកបញ្ជូននារីរងគ្រោះមកកាន់មន្ទីរពេទ្យព្រះកុសុមៈភ្លាមដែរ។នារីរងគ្រោះនៅពេលដឹងខ្លួនឡើងវិញតែផ្នែកខាងក្រោមមិនអាចកំរើកបានឡើយដែលគេអាចនិយាយបានថានារីរងគ្រោះអាចពិការផ្នែកខាងក្រោម។
ជុំវិញមូលហេតុនៃការធ្វើអត្តឃាតនេះត្រូវបានគេដឹងថាផ្ដើមពីនារីរងគ្រោះតូចចិត្តនិងគូរដណ្ដឹងរបស់នាងភ្ជាប់ពាក្យបាន១ឆ្នាំហើយមិនយល់ចិត្តរបស់នាង៕
ស្រីរត្ន័

































