ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទានគ្រឿងឥស្សរិយយសមុនីសារាភ័ណ ថ្នាក់មហាសេនាជូនលោកMichel de la Cheneliere ប្រធានមូលនិធិ de la Cheneliere នៃប្រទេសកាណាដា ដែលមានគុណបំណាច់ខ្ពស់បានផ្ដល់អំណោយជាសៀវភៅ ចំនួន២៥២៩៦ក្បាលដល់គ្រឹះស្ថានឧត្តមសិក្សាចំនួន៣១ និង បណ្ណាល័យចំនួន២នៅរាជធានីខេត្ត ដែលមានទឹកប្រាក់សរុបចំនួន២៤៤៣១៤៩កាណាដា។
ពិធីប្រគល់សៀវភៅខាងលើត្រូវបានក្រសួងអប់រំយុវជននិងកីឡា ប្រារព្ធពិធីប្រគល់ទទួលកាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ កន្លងទៅនៅវិទ្យាស្ថានជាតិអប់រំក្រោមអធិបភាពលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។
លោក អ៊ឹម សិទ្ធី បានចាត់ទុកអំណោយសៀវភៅសិក្សាទាំងនេះជាឯកសារដ៏មានសារៈប្រយោជន៍បំផុតសម្រាប់បុគ្គលិកសិក្សា សាស្ត្រាចារ្យ សិស្សនិស្សិត និងសាធារណជនទូទៅធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើតសមត្ថភាពអាន និងជំនាញរៀងៗខ្លួន និង ធ្វើឡើងស្របតាមទស្សនៈរបស់រាជរដ្ឋាភិបាលដែលបានសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការអប់រំ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា«ការសិក្សាបើគ្មានសៀវភៅក៏មិនអាចសិក្សាបានដែរ» ។
ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ខ្ពស់នេះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសជូនលោកMichel de la Cheneliere ដែលពិធីប្រគល់មេដាយនេះបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី១ ខែ មីនា នៅទីស្ដីការក្រសួងអប់រំយុវជននិងកីឡាក្រោមអធិបភាពលោក អ៊ឹម សិទ្ធី ។
នៅក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដលល់លោកMichel de la Cheneliere ដែលបានផ្ដល់អំណោយជាសៀវភៅទាំងនេះដល់គ្រឹះស្ថានឧត្ដមសិក្សា និង បណ្ណាល័យ ហើយលោករដ្ឋមន្ត្រីសន្យាថានឹងថែរក្សាសៀវភៅខាងលើឲ្យបានល្អនិងគង់វង្សដើម្បីទុកជាឯកសារសម្រាប់បុគ្គលិក សាស្ត្រាចារ្យ សិស្សនិស្សិត និង សាធារណជនទូទៅធ្វើការសិក្សាស្រាវជ្រាវ៕
សំអឿន
































