ប៉ូលិស​ក្រសួង​មហាផ្ទៃ​ចុះ​​ត្រួត​ពិនិត្យ​ទីតាំង​ហាង​ទទួល ​និង​បញ្ចាំ​ ម៉ូតូ​ ឡាន​ឃ្លាំង​រំសេវ​ចំនួន​៤​ទីតាំង

ថ្ងៃ សុក្រ ទី22 សីហា ឆ្នាំ2014 ម៉ោង16:34   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: ស្រីរ័ត្ន​

M22-08-14-g-full

ភ្នំពេញ​ ៖​ ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​ប៉ូលិស​ក្រសួង​មហាផ្ទៃ​ សហការ​​​ជាមួយ​កម្លាំង​នគរបាល​​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ រាជធានី​ភ្នំពេញ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ​ខណ្ឌ​ទួលគោក ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​លោក កែវ សុជាតិ ​ចុះ​ប្រតិបត្តិ​ការ​ធ្វើការ​ត្រួតពិនិត្យ​ និង​ដកហូត​ក្នុង​ទីតាំង​ហាង​ទទួល​ និង​បញ្ចាំ ម្ដុំ​ឃ្លាំង ​រំសេវ​ ក្នុង​ទឹកដី ខណ្ឌ​ទួលគោក ​ដើម្បី​ស្វែងរក​យានយន្ត​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​ដូចជា​ការ​លួច​ប្លន់​ជាដើម។

ប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ នៅ​តាម​ហាង​មួយ​ចំនួន ម្ដុំ​ឃ្លាំង​រំសេវ​​ ក្នុង​ទឹកដី សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌ​ទួលគោក ហើយ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ និង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ពី​ការ​បាត់​ម៉ូតូ​របស់​ពួកគេ ​ដោយ​​ជនរងគ្រោះ​ខ្លះ​ដឹង​ថា ម៉ូតូ ទាំងនោះ ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​បញ្ចាំ នៅ​តាម​ហាង​ម្ដុំ​ឃ្លាំង​រំសេវ ​នេះ​ទើប​ក្រុម​សមត្ថកិច្ច​ចុះ​ធ្វើ​ប្រតិបត្តិការ​តែ​ម្ដង។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ ដែល​ចុះ​នៅ​ក្នុង​ប្រតិបត្តិការ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ធ្វើការ​ឆែកឆេរ​លើ​ទីតាំង​ហាង​ចំនួន​៤ ​សមត្ថកិច្ច​បាន​រក​ឃើញ​ម៉ូតូ​ជាច្រើន​គ្រឿង ហើយ​ម៉ូតូ​ទាំងនោះ​ក៏​ត្រូវ​បាន​ដកហូត​ផង​ដែរ​ ដោយសារតែ​ការ​ទទួល​បញ្ចាំ​ពុំ​មាន​លិខិតស្នាម​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ ម៉ូតូ​ដែល​ដកហូត​ទាំងនេះ​នឹង​ត្រូវ​បញ្ជូន​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​​​ធ្វើការ​ស្រាវជ្រាវ​បន្ដ​ទៀត​ដើម្បី​ឲ្យ​ប្រាកដ​ថា​ម៉ូតូ​ទាំងនេះ​អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វីមួយ​ឬ​យ៉ាងណា។ ចំណែក​ម្ចាស់​ទីតាំង​មិន​ត្រូវ​បាន​សមត្ថកិច្ច​​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើការ​សាកសួរ​ប៉ុណ្ណោះ។

ហាង​លក់​ម៉ូតូ​ ទទួល​បញ្ចាំ​ម៉ូតូ​នៅ​ម្ដុំ​ឃ្លាំង​រំសេវ​ខណ្ឌ​ទួលគោក​រាប់​សិប​កន្លែង ​ពិតជា​ទទួល ការរិះគន់​យ៉ាង​ច្រើន​ពី​សំណាក់ ប្រជាពលរដ្ឋ​ថា ម៉ូតូ​ជាច្រើន​គ្រឿង ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់ ឬ​លួច​ជាដើម​នោះ​តែងតែ​យក​ទៅ​លក់​ និង​បញ្ចាំ​នៅ​ទីនោះ ប៉ុន្ដែ​ចំណាត់​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ ហាក់​ដើរ​នៅ​ក្រោយ​ម្ចាស់​កុងស៊ី​បញ្ចាំ​នេះ​មួយ​ជំហាន។

ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ដឹង​ឮ​ពី​បញ្ហា​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នករក​​ស៊ី​កុងស៊ី​បញ្ចាំ​​ម៉ូតូ​នៅ​​ប្លុក​ឃ្លាំង​រំសេវ​នេះ​ពួកគេ​មាន​ចំណេះដឹង​ខាង​​ប្រើ​ល្បិច​​ខ្លាំង​ណាស់ ទី​១​ការ​លាក់​ឈ្មោះ​ទីតាំង​បញ្ចាំ ​ការ​យក​ម៉ូតូ​មាន​បទល្មើស​ទៅ​លាក់​ទុក​នៅ​កន្លែង​ផ្សេង​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​ជាដើម ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​រក​វត្ថុ​តាង​បទល្មើស​ជាដើម បើ​សមត្ថកិច្ច​មិនបាន​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ម៉ត់ចត់​ទេ​គឺ​ពិតជា​ពិបាក​រក​វត្ថុតាង​ក្នុង​ការ​ដាក់​បន្ទុក​ពួកគេ​ណាស់​៕

a13a14a15a16