ភ្នំពេញ ៖ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញរួមដំណើរដោយមន្ត្រីក្រោមឱវាទកាលពីព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១២ បានចុះធ្វើការត្រួតពិនិត្យមើលកុដិព្រះសង្ឃសារ៉ាវ័ន្តដែលត្រូវភ្លើងឆេះអស់កាលពីយប់ ហើយក្នុងការចុះត្រួតពិនិត្យនោះលោកអភិបាលរាជធានីភ្នំពេញបានសន្យាផ្ដល់ថវិកាចំនួន២ម៉ឺនដុល្លារក្នុងការស្ថាបនាកុដិនេះឡើងវិញ។
លោក កែប ជុតិមា ក្នុងឱកាសនេះបានសំដែងការសោកស្ដាយជាមួយព្រះចៅអធិការវត្តនូវគ្រោះអគ្គិសភ័យនេះ។គ្រោះអគ្គិភ័យនេះបានធ្វើឲ្យកុដិព្រះសង្ឃគង់នៅចំនួន៤កុដិ និង តូបយាយជីចំនួន២ត្រូវបានភ្លើងលេបត្របាក់អស់គ្មានសល់។
លោក កែប ជុតិមា ក៏បានលើកឡើងដែរថា កុដិថ្មីដែលត្រូវសាងសង់ជា២ជាន់ឡើងលើ ហើយកុដិដែលបាំងផ្លូវហើយត្រូវភ្លើងឆេះអស់នេះ ត្រូវវាយចោលតែម្ដងដើម្បីងាយស្រូលពេលមានអគ្គិភ័យឡានទឹកចូលដល់តែម្ដង។
គួរបញ្ជាក់ផងដែរថា កាលពីរាត្រីឆ្លងចូលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ៣ មានអគ្គិសភ័យបានកើតឡើងនៅក្នុងវត្តសារ៉ាវ័ន្ត ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។
អគ្គិភ័យបានធ្វើឲ្យកុដិចំនួន៤សាងសង់អំពីឈើលើ ថ្មក្រោមត្រូវភ្លើងឆេះម៉ត់ តូបយាយជីចំនួន២តូប ក៏ត្រូវភ្លើងឆេះអស់ផងដែរ។ចំពោះទ្រព្យសម្បត្តិសៀវភៅ រាប់ម៉ឺនក្បាល ត្រូវភ្លើងលេបត្របាក់អស់គ្មានសល់។ ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្ដាលមកពីការទុស្សេខ្សែភ្លើងចេញពីកុដិលេខ២៦ ហើយអគ្គិភ័យនេះ វាធ្វើឲ្យព្រះសង្ឃ១៨អង្គសិស្ស និស្សិត១៥នាក់ និង យាយជី២នាក់ អស់ទីជម្រក៕
ស្រីរ័ត្ន
































