លោក ឈិ​ត សុខុន អញ្ជើញ​លែង​ក្តាម​មេ​ពូជ​ក្នុង​ធនាគារ​ក្តាម​សហគមន៍​នេសាទ​ព្រៃនប់​ពីរ​

ថ្ងៃ ពុធ ទី20 សីហា ឆ្នាំ2014 ម៉ោង14:27   ផ្នែក: ព័ត៌មានជាតិទូទៅ    ដោយ: ស៊ុយ ចាន់ធា​


ព្រះសីហនុ ៖ ​លោក ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃនប់​ពីរ បាន​ធ្វើ​ការ​លែង​មេ​ក្តាម​ពូជ​ចំនួន ១០​គីឡូក្រាម​ស្មើ​នឹង៥៦​ក្បាល ចូល​ទៅ​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​ពីរ ស្ថិត​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ ។​

 

​ ​លោក ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍​នេសាទ​ព្រៃនប់​ពីរ និង​អញ្ជើញ​ចូលរួម​លែង​ក្តាម​មេ​ពូជ​ក្នុង​ធនាគារ​ក្តាម​របស់​សហគមន៍​នេសាទ​នា​ពេល​នេះ គឺ​មាន​សា​រះ​សំខាន់​ណាស់​ក្នុង​ការ​បង្កើន​នូវ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស ដើម្បី​រក្សា​នូវ​ប្រភព​ធនធាន​ជលផល និង​ចូលរួម​ការពារ​ថែរក្សា​ព្រៃកោងកាង និង​ព្រៃ​លិច​ទឹក និង​ជំរុញ​អនុវត្ត​ការ​ធ្វើ​វារីវប្បកម្ម​សមុទ្រ​ឲ្យ​ក្លាយទៅជា​ចលនា​ជាតិ​ក្នុង​ការ​ចិញ្ចឹម​ត្រី ក្តាម​ឲ្យ​មាន​បរិមាណ​កាន់តែ​សម្បូរ​បន្ថែម​ទៀត ព្រោះ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​បង្កើន​ការ​ថែរក្សា និង​ចិញ្ចឹម​ត្រី ក្តាម និង​ធនធាន​ជលផល​សមុទ្រ ក៏​ដូច​ជា​ធនធាន​ជលផល​ទឹ​ក​សាប​ឲ្យ​បាន​ច្រើន និង​ជួយ​ជំរុញ​កំណើន​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេសាទ​កាន់​តែ​មាន​ជីវភាព​ប្រសើរ​ឡើង​ទៀត ។​

​ ​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោម​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពិធី​លែង​ក្តាម​មេ​ពូជ​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​ពីរ ក្នុង​គោលបំណង​បំផុស​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា អភិរក្ស​នូវ​ធនធាន​មច្ឆា​ជាតិ​ក្នុង​មូលដ្ឋាន ជាពិសេស​ការ​ថែ​រក្សា​ការពារ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី ក្តាម ពង កូន ។ កន្លងមក​ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោម​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា ដាំ​ដុះ​ព្រៃកោងកាង​ឡើងវិញ ព្រមទាំង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អភិរក្ស​ព្រៃកោងកាង ។ ការ​បង្កើន​ធនាគារ​ក្តាម បង្កើត​សួន​អាពាហ៍ពិពាហ៍ និង​ជំរក​សុវត្ថិភាព​លើ​ផ្ទៃដី​ចំនួន ២២០​ហិកតា ដែល​មាន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ចំនួន ១២០​គ្រួសារ​ក្នុង​សហគមន៍​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​នេន​ចំរើន​បាន​ឲ្យ​ដឹង​ទៀត​ថា ខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​សោម​បាន​ធ្វើ​ការ​បណ្តុះ​កូន​កោង​កាង​ និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ធ្វើការ​ចិញ្ចឹម​ក្តាម​ងាវ​សាកល្បង​ក្នុង​សហគមន៍​នេសាទ​ព្រៃនប់​ពីរ​ ហើយ​ការសាកល្បង​នេះ​យើង​អាច​ចាត់ទុកថា​មាន​លក្ខ​ណះ​រីក​ចំរើន​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៍ ​ព្រមទាំង​ជំរុញ​អោយ​ប្រជា​នេសាទ​ក្នុង​សហគមន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​ការបង្កើត​ធនាគារ​ក្តាម​ និង​ចិញ្ចឹម​ត្រី​តាម​គ្រួសារ​និង​បន្ត​ការចូលរួម​ថែរក្សា ​និង​អភិរក្ស​ព្រៃ​លិច​ទឹក​បន្ថែម​ទៀត​ព្រោះ​ការបង្កើត​សហគមន៍​ធនាគារ​ក្តាម​នា​ពេល​កន្លងមក​ទ​ទួល​បាន​ផ្លែផ្កា​ដោយសារ​ពួកគាត់​មានការ​យល់ដឹង​និង​ចូលរួម​ថែរក្សា​ និង​អភិរក្ស​ព្រៃកោងកាង​កាត់បន្ថយ​នូវ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក ​និង​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​ក្តាម​ពង​កូន​ និង​ជី​វះ​ចម្រុះ​ក្នុង​ដែន​នេសាទ​។​

នៅ​ខេត្ត​ព្រះសីហនុ​មាន​សហគមន៍​នេសាទ​ចំនួន​១៦ និង​មាន​ធនាគារ​ក្តាម​ចំនួន ០៩​កន្លែង ។ ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៤​នេះ ធនាគារ​ក្តាម​បាន​ដាក់​កូន​ក្តាម​មេ​ពូជ​ចំនួន ១.២០០​គីឡូក្រាម មាន​ក្តាម​ចំនួន ៦.៦០០​ក្បាល ៕​