សៀមរាប ៖ សេចក្ដីរាយការណ៍ពីក្រុងសៀមរាបបានឲ្យដឹងថា ចរន្តអគ្គិសនីនៅទីក្រុងសៀមរាបអង្គរបានកាត់ផ្ដាច់ជាង៥ម៉ោងហើយ គឺតាំងពីម៉ោង៣រសៀលរហូតដល់ម៉ោង៨យប់នៅមិនទាន់មានចរន្តប្រើប្រាស់នៅឡើយ។
សេចក្ដីរាយការណ៍ក៏បានឲ្យដឹងទៀតថាការដាច់ចរន្តអគ្គិសនីកណ្ដាលក្រុងសៀមរាបនេះ ដោយសារតែខ្សែចំលងចរន្តនៅប្រទេសថៃត្រូវបានកាត់ផ្ដាច់ ហើយក្រុងសៀមរាបបានប្រើប្រាស់ចរន្តអគ្គិសនីពីប្រទេសថៃទាំងស្រុងទើបមិនអាចប្រើប្រាស់ភ្លើងបាន។
មន្រ្តីអគ្គិសនីក្រុងសៀមរាបបានឲ្យដឹងថា ថាមពលអគ្គិសនីនៅក្រុងសៀមរាបអាចប្រើប្រាស់បានត្រឹមតែ១០គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ គឺមិនអាចបំពេញតម្រូវការប្រើប្រាស់នៅទូទាំងក្រុងសៀមរាបទាំងមូលបាននោះទេ។ ដូច្នេះមានតែរង់ចាំការតភ្ជាប់បណ្ដាញពីប្រទេសថៃរួចរាល់សិន។ មន្រ្តីដដែលនោះបានឲ្យដឹងទៀតថា មន្រ្តីជំនាញកំពុងតែធ្វើការតភ្ជាប់បណ្ដាញអគ្គិសនីនោះឡើងវិញ៕
គឿន វ៉េត-វាសនា


























