ភ្នំពេញ ៖ បន្ទាប់ពីមានការផ្ទុះអាវុធក្នុងហាងផឹកស៊ីយីហោ ពិភពថ្មី ស្ថិតនៅផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១២ រួចមក ការិយាល័យព័ត៌មានសន្តិសុខទូទៅនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចេញលិខិតកោះហៅខ្មាន់កាំភ្លើងឈ្មោះ វីរៈ ដែលគេដឹងថាជាអង្គរក្សការពារផ្ទាល់របស់លោក ឧកញ៉ា ថោង សារ៉ាត មកបំភ្លឺកាលពីររសៀលថ្ងៃទី ២២ ខែ កុម្ភៈនេះ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់កម្ពុជាថ្មីថា អង្គរក្សលោក ឧកញ៉ា ថោង សារ៉ាត ឈ្មោះ វីរៈ ត្រូវបានធ្វើលិខិតកោះហៅមកបំភ្លឺកាលពីព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ដែលពាក់ព័ន្ធទៅនឹងការផ្ទុះអាវុធចំនួន១គ្រាប់ក្នុងហាងពិភពថ្មី ក្នុងយប់ថ្ងៃទី ២០ ខែ កុម្ភៈ កន្លងមកនេះ។
ប្រភពបានបន្តថា ការកោះហៅ លើកទី១ ប្រសិនបើអង្គរក្សឈ្មោះ វីរៈ នោះពុំចូលខ្លួនមកបំភ្លឺទេ ការិយាល័យជំនាញ នឹងចេញលិខិតកោះហៅជាលើកទី២ទៀត ហើយបើកពុំចូលទៀត ការិយាល័យព័ត៌មានសន្តិសុខទូទៅរបស់អាវុធហត្ថ នឹងសុំដីកាកោះហៅពីតុលាការម្ដង ដែលអាចឈានទៅរកការចាប់ខ្លួនតាមនីតិវិធីច្បាប់។
ផ្ដើមហេតុនៃការផ្ទុះអាវុធនោះ ទោះបីជាមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសក៏ពិតមែន តែករណីនេះ វាពាក់ព័ន្ធទៅនឹងអំពើបាញ់បោះសេរី ដែលមានចែងក្នុងច្បាប់រួចជាស្រេច ហើយអំពីករណីនោះគ្រាន់តែបណ្ដាលមកពីការផឹកស៊ីស្រវឹងមានការខឹងសម្បារនឹងមិត្តភក្ដិរួមតុក៏ដោយ៕
វិមាន


























