ភ្នំពេញ ៖ បង្គោលបំភ្លឺផ្លូវមួយដើមនៅខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ត្រូវបានអ្នកស្រវឹងធ្លាក់ភ្នែកបើករថយន្តម៉ាកTacomaរ៉េពេញផ្លូវជ្រុល ហោះឡើងលើចិញ្ចើមផ្លូវទៅបុកបាក់ដួលរាបដល់ដីហើយរថយន្តនោះបានបើកគេចបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០ទីទៀបភ្លឺថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១២នៅចំណុចខាងមុខក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា(CDC)ផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។
រថយន្តបង្កហេតុនោះត្រូវបានប្រជាពលរដ្ឋជិតខាងស្គាល់ថាម៉ាកTacomaពណ៌ខ្មៅ២បាំងមានស្លាកលេខដែរប៉ុន្តែគេមើលមិនច្បាស់ហើយក្រោយពេលបុកបណ្តាលឱ្យបង្គោលដងហ្គោមបំភ្លឺផ្លូវបាក់អស់មួយដើមហើយបើកគេចបាត់ដោយសុវត្ថិភាព។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋជិតខាងបានឱ្យដឹងថានៅវេលាកើតហេតុគេបានឃើញរថយន្តបង្កហេតុនោះបើករេពេញផ្លូវទំនងជាអ្នកបើកបរមានភាពស្រវឹងធ្លាក់ភ្នែកបើកបោះពួយតាមផ្លូវព្រះស៊ីសុវត្ថិពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុក៏រេចង្កូតមកស្តាំដៃហោះឡើងចិញ្ចើមផ្លូវទៅបុកបង្គោលដង្គោមបំភ្លឺផ្លូវ១ដើមបាក់រាបដល់ដីហើយរថយន្តនោះបានបើកថយចុះមកផ្លូវរួចបើកគេចបាត់ដោយសុវត្ថិភាពតែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថាលុះដល់ព្រឹកថ្ងៃដដែលនេះគេបានឃើញខាងមន្ត្រីជំនាញបានមកយកបង្គោលដងហ្គោនោះទៅរក្សាទុក៕រស្មី


























