កំពត ៖ បុរសម្នាក់បានរងរបួសដោយសារតែស្ត្រីម្នាក់បានឡើងទៅវាយដល់ក្នុងផ្ទះបណ្ដាលឲ្យបែកក្បាលឈាមហូរពេញមុខ ដោយសារតែរឿងបាត់ស្បែកជើង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
រឿងរ៉ាវដែលបានបង្កឲ្យបុរសរងគ្រោះបែកក្បាលនោះ ខណៈដែលស្រ្តីបង្ករឿងបានរកស្បែកជើងមិនឃើញ ក៏មានការខឹងសម្បារយ៉ាងខ្លាំងលុះព្រឹកឡើងក៏រកឃើញស្បែកជើងវិញ ទើបផ្ទុះកំហឹងមានការជជែកគ្នាជាមួយបុរសរងគ្រោះធ្វើឲ្យស្ត្រីទប់កំហឹងមិនបានឈានដល់ប្រើអំពើហិង្សាឡើងដល់លើផ្ទះ ដោយយកទូរស័ព្ទមិត្តហ្វូនលើតុវាយក្បាលបុរសរងគ្រោះបណ្តាលឲ្យបែកហូរឈាមហើយត្រូវបានម្ចាស់ផ្ទះជួលជួយប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្តរាគមន៍ឃាត់ខ្លួនស្ត្រីបង្កខាងលើដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
យោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុបានឲ្យកម្ពុជាថ្មីដឹងថាហេតុការណ៍បាត់ស្បែកជើងនេះបានកើតឡើងនៅវេលាម៉ោងប្រហែល៣និង៣០នាទីទៀបភ្លឺចូលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១២។ ប្រភពបន្តថាបុរសរងគ្រោះនេះបានផឹកស៊ីហូបស្រាស្រវឹងជោកខ្លួនដើរចេញចូលបន្ទប់ជួលរបស់ស្រ្តីរួចបានយកស្បែកជើងចំនួន៧គូរបស់ស្ត្រីនោះនិងអ្នកដទៃដែលមានបន្ទប់ជួលនៅជិតខាងគ្នាទៅលាក់ទុកនៅក្បែរបន្ទប់មួយទៀតក្នុងរបងផ្ទះបន្ទប់ជួលរបស់ស្ត្រីរូបនោះ ប៉ុន្តែគ្មានបំណងយកទៅណាទេគោលបំណងបុរសរងគ្រោះលាក់ស្បែកជើងលេងតែប៉ុណ្ណោះ ។
ប៉ូលិសបានឲ្យដឹងថាស្ត្រីបង្កហេតុមានឈ្មោះ ស៊ឹម សារ៉េត អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដបានមកស្នាក់នៅផ្ទះជួលរបស់តាអៀង។ រីឯបុរសរងគ្រោះឈ្មោះកៅ វ៉ាន់ថាន់ អាយុ៤៤ឆ្នាំមានប្រពន្ធកូន២នាក់ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលជាមួយគ្នា ស្ថិតក្នុងភូមិ សង្កាត់ដូចគ្នា ។ ចំណែកស្ត្រីបង្កហេតុនោះត្រូវបានប៉ូលិសក្រុងកំពតនាំទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពតផងដែរ។ ឯជនរងគ្រោះត្រូវបានប៉ូលិសអនុញ្ញាតឲ្យក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរង់ចាំដោះស្រាយជាក្រោយ៕ស៊ុនលី


































