គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៩​ ខែកុម្ភៈ​ បាន​កើតឡើង​៣៤​លើក​ ស្លាប់​០៩​នាក់ របួសធ្ងន់-​ស្រាល​៨១​នាក់​

ថ្ងៃ សុក្រ ទី20 កុម្ភៈ ឆ្នាំ2015 ម៉ោង14:53   ផ្នែក: សន្តិសុខ និង សង្គម    ដោយ: រ៉ាវុទ្ធ​

Pisey-02-2015-20-full-Q

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៣៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៩​នាក់ របួសធ្ងន់​៥៧​នាក់ និង​របួសស្រាល​២៤​នាក់​។

បើ​ប្រៀបធៀប​ជាមួយ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​២០១៤ អ្នក​ស្លាប់​មានការ​ថយ​ចុះ​ចំនួន​០៦​នាក់ ស្មើនឹង​២១%។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣៤​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត​រួមមាន ម៉ូតូ​៤២​គ្រឿង​,​រថយន្ត​តូច​១៥​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​,​យានយន្ត​ផ្សេងៗ​៣​គ្រឿង​,​ថ្មើរជើង​១​នាក់ ហើយ​អ្នក​មិន​ពាក់មួក​ពេល​បើកបរ​៦៧​នាក់។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​ល្មើស​ល្បឿន​០៧​លើក​, ប្រជែង​គ្រោះថ្នាក់​០២​លើក​, ស្រវឹង​១១​លើក​,​មិន​ប្រកាន់​ស្តាំ​៨​លើក​,​បត់​គ្រោះថ្នាក់​២​លើក​,​មិន​គោរព​សិទ្ធ​៤​លើក​,​កត្តា​យានយន្ត​២​លើក​។​

គួរ​កត់​សម្គាល់​ថា ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ និង​ស្លាប់​ច្រើន​ជាង​គេ រាជធានី​ភ្នំពេញ​ស្លាប់​៤​នាក់​,​កណ្ដាល​ស្លាប់​២​នាក់​,​ពោធិ៍សាត់​ស្លាប់​១​នាក់​,​កំពង់ចាម​១​នាក់​,​ព្រៃវែង​១​នាក់៕​