យោងតាមគេហទំព័ររ៉យទ័រចេញផ្សាយយប់ថ្ងៃទី១៥ខែកុម្ភៈបានឲ្យដឹងថាមនុស្ស១២០០នាក់បានរងរបួសនៅពេលអាចម៍ផ្កាយបានធ្លាក់ និងបានផ្ទុះនៅប្រទេសរុស្ស៊ីភាគកណ្ដាលនៅថ្ងៃសុក្រ ដោយបានបញ្ជូនដុំភ្លើងធ្លាក់បុកផែនដី ដោយធ្វើឲ្យបែកខ្ចាយនូវបង្អួច និងខូចខាតអគារ។
យោងទៅតមអ្នកឆ្លើយឆ្លងព័ត៌មានរ៉យទ័រនៅក្នុងទីក្រុងឧស្សាហកម្មចម្ងាយ១៥០០គីឡូម៉ែត្រខាងកើតទីក្រុងមូស្គូបានឲ្យដឹងថា មនុស្សដែលកំពុងធ្វើដំណើរទៅធ្វើការក្នុងរដ្ឋធានី Chelyabinsk បានឮសំឡេងអ្វីម្យ៉ាងដូចនឹងការផ្ទុះមួយនោះ បានឃើញដុំភ្លើង បន្ទាប់មកមានអារម្មណ៍ថារញ្ជួយដី។
ដុំភ្លើងមួយនោះបានផ្ទុះនៅជើងមេឃ ដោយបន្សល់នូវផ្សែងពណ៌សវែងមួយនៅក្នុងគន្លងរបស់វា ដែលអាចត្រូវបានឃើញចម្ងាយ២០០គីឡូម៉ែត្រ។ រថយន្តប្រកាសអាសន្នបានផ្ទុះ បង្អួចបែកខ្ញែកហើយបណ្ដាញទូរស័ព្ទត្រូវបានកាត់ផ្ដាច់។
Viktor Prokofievអាយុ៣៦ឆ្នាំ ជាអ្នកស្រុកនៅYekaterinburg នៅក្នុងតំបន់ភ្នំ ឱរ៉ាល់ បាននិយាយថា «ខ្ញុំបានកំពុងបើកបរទៅធ្វើការ ដោយវាងងឹតពេញទី ប៉ុន្តែភ្លាមៗនោះវាបានប្រែក្លាយជាភ្លឺ បើទោះបីជាពេលថ្ងៃ»។ គាត់និយាយថា «ខ្ញុំបានមានអារម្មណ៍ដូចជាខ្វាក់ ដោយភ្លើងហ្វានោះ»។
មន្ត្រីក្រសួងក្នុងស្រុកម្នាក់ បាននិយាយថា ឧប្បត្តិហេតុដូច្នេះគឺកម្រខ្លាំងណាស់ ហើយ ព្រឹត្តិការណ៍នៅថ្ងៃសុក្រអាចជាប់ទាក់ទងទៅនឹងផ្កាយព្រះគោ ទំហំប៉ុននឹងអាងហែលទឹកអូឡាំពិក ដោយហេតុថា ឆ្លងកាត់ផែនដីនៅចម្ងាយ១៧,១០០ម៉ាយ ប៉ុន្តែអ្វីទាំងនេះមិនត្រូវបានអះអាងនោះទេ។
ទីភ្នាក់ងារលំហរបស់រុស្ស៊ី Roscosmosបាននិយាយថា អាចម៍ផ្កាយបានកំពុងធ្វើដំណើរនៅល្បឿន៣០គីឡូម៉ែត្រក្នុងមួយវិនាទី ហើយព្រឹត្តិការណ៍ដូច្នេះពិបាកក្នុងការព្យាករណ៍។ ក្រសួងមហាផ្ទៃបាននិយាយ ថាការផ្ទុះអាចម៍ផ្កាយបានបណ្ដាលឲ្យមានសំឡេងផ្ទុះមួយ។
យោងតាមបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានឲ្យដឹងថាអាចម៍ផ្កាយដែលមានទម្ងន់ប្រហែល១០ម៉ាទ្រីកតោន ហើយបានបង្កើតឡើងដោយដែក បានចូលមកបរិយាកាសផែនដី និងបានផ្ទុះនូវចម្ងាយពី៣០ទៅ៥០គីឡូម៉ែត្រពីលើដី។
គ្មានសេចក្ដីរាយការណ៍អំពីអ្នកស្លាប់ ប៉ុន្តែក្រសួងសង្គ្រោះបន្ទាន់បាននិយាយថាមនុស្ស២០,០០០ត្រូវបានសង្គ្រោះ ហើយបុគ្គលិកបោសសំអាតត្រូវបានបញ្ជូនទៅតំបន់នោះ បន្ទាប់ពីប្រធានាធិបតី Vladimir Putinបានប្រាប់រដ្ឋមន្ត្រីក្រសួងសង្គ្រោះបន្ទាន់ដើម្បីធ្វើឲ្យធូរស្រាលនូវការឆាឆៅបង្អាក់ និងជួយជនរងគ្រោះ។
ក្រសួងមហាផ្ទៃនៃប្រទេសរុស្សីបាននិយាយថាមនុស្ស១២០០នាក់បានរងរបួស ដោយយ៉ាងហោចណាស់២០០នៃពួកគេជាកូនក្មេង និងភាគច្រើនរងរបួសអំបែងនៃកញ្ចក់៕
























