ពីរថ្ងៃបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមក កូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញនូវការដាក់ពង្រាយកាំជ្រួចថ្មី ដែលមានសមត្ថភាពវាយប្រហារយ៉ាងត្រឹមត្រូវទៅលើសមាជិកទាំងឡាយរបស់បញ្ជាការជាន់ខ្ពស់នៃទីក្រុងព្យុងយ៉ាង។
ក្រសួងការពារប្រទេស បានអញ្ជើញក្រុមអ្នកយកព័ត៌មានឲ្យបង្ហាញនូវខ្សែវីដេអូពិសេសស្ដីពីការដាក់ពង្រាយកាំជ្រួចនៅពេលថ្មីៗ ដែលត្រូវបានបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹក។ អ្នកនាំពាក្យរបស់ក្រសួងការពារប្រទេស លោក គីម មិន សេអុក បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា «ការបង្ហាញឲ្យឃើញកាំជ្រួចគ្រូសនៅថ្ងៃនេះ គឺជាអាវុធដែលអាចតាមដានទិសដៅរត់របស់នាវាបានដោយត្រឹមត្រូវ ដែលអាចរកឃើញ និងវាយប្រហារបង្អួចការិយាល័យរបស់បញ្ជាការរបស់កូរ៉េខាងជើង។
លោក គីម បានបន្តថា កាំជ្រួចនេះមានកម្លាំងបំផ្លាញធ្វើឲ្យស្លាប់ និងអាចទប់សកម្មភាពបញ្ជាការដ្ឋានរបស់សត្រូវបាន។ កងទ័ពកូរ៉េខាងត្បូងស្ថិតនៅក្នុងសភាពប្រកាសអាសន្នខ្ពស់ មិនធ្លាប់មានចាប់តាំងពីក្រុងព្យុងយ៉ាងសាកល្បងនុយក្លេអ៊ែរគំរាមលើកដំបូងនោះមកកាលពីថ្ងៃអង្គារ។
នេះគឺជាការសាកល្បងបរមាណូលើកទី៣ បន្ទាប់ពីការបំផ្ទុះលើកមុននៅក្នុងឆ្នាំ២០០៦ និងឆ្នាំ២០០៩ ហើយទិន្នន័យបានបង្ហាញថាវាមានកម្លាំងយ៉ាងខ្លាំង។ ការសាកល្បងនេះហាក់ដូចជាពញ្ញាក់កូរ៉េខាងត្បូងឲ្យដំឡើងសាច់ដុំយោធារបស់ខ្លួន និងបង្ហាញឲ្យឃើញច្បាស់នូវឯកទេសបច្ចេកវិជ្ជាផ្ទាល់របស់ខ្លួន។
ឧត្តមសេនីយ៍កងទ័ពលោក វីយូ យុងចូវ បាននិយាយអំពីកាំជ្រួចគ្រូសនេះថា«វាអាចធ្លាក់ត្រូវកន្លែងយោធាណាមួយ សម្ភារៈ និងគោលដៅបុគ្គលនៅកូរ៉េខាងជើង នៅគ្រប់ទីកន្លែងនៅគ្រប់ពេលវេលានៃការជ្រើសរើសរបស់យើង។ កាលពីថ្ងៃពុធ កូរ៉េខាងត្បូងបាននិយាយថា ខ្លួនអាចនឹងបង្កើនល្បឿនអភិវឌ្ឍន៍កាំជ្រួចបាញ់ឆ្លងទ្វីបរយៈចម្ងាយ ដែលអាចគ្រប់ដណ្ដប់លើប្រទេសកូរ៉េខាងជើងទាំងមូល។
អាមេរិកមានទាហាន២៨,៥០០នាក់នៅកូរ៉េខាងត្បូង និងធានាឆត្រនុយក្លេអ៊ែរមួយ ក្នុងករណីមានការវាយប្រហារណាមួយ ដោយនុយក្លេអ៊ែរ។ ជាការឆ្លើយតបក្រុងសេអ៊ូលបានយល់ព្រមទទួលយកការកំណត់ទៅលើសមត្ថភាពកាំជ្រួចឆ្លងទ្វីបរបស់ខ្លួន៕
ថាលីយ៉ាន























