រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុល្លង់លោក Jeroen Dijsselbloem បានបើកកិច្ចប្រជុំតំបន់ចាយប្រាក់អឺរ៉ូលើកដំបូងរបស់លោកកាលពីថ្ងៃច័ន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីធ្វើឲ្យប្លុកនេះមានស្ថិរភាព ដែលចោទឡើងដោយបញ្ហាផ្សេងៗដូចជាប្រាក់អឺរ៉ូមានតម្លៃខ្ពស់ធ្វើឲ្យរាំងស្ទះដល់ការរីកចម្រើនសេដ្ឋកិច្ច។
វិបត្តិបំណុលដែលលោក Jeroen Dijsselbloem ទទួលមរតក មានសភាពធូរស្បើយយ៉ាងខ្លាំងចាប់តាំងពីធនាគារកណ្ដាលអឺរ៉ុប(ECB)បានសន្យាកាលពីឆ្នាំទៅ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សារនានាដើម្បីផ្សាំងតម្លៃប្រាក់កម្ចី និង ពួកមេដឹកនាំអឺរ៉ុបបានព្រមព្រៀង ចាត់វិធានការតឹងរ៉ឹងដើម្បីធ្វើឲ្យកាន់តែល្អនូវការការពារប្រាក់អឺរ៉ូ។
ប៉ុន្តែបន្ទាប់ពីរាប់ខែនៅពេលដែលរូបិយប័ណ្ណស្ថិតនៅក្នុងសភាពសង្ស័យនោះ ប្រាក់អឺរ៉ូឥឡូវនេះបានឡើងថ្លៃយ៉ាងខ្លាំង ដែលធ្វើឲ្យផ្ទុះឡើងនូវការភ័យខ្លាចថា វាអាចធ្វើឲ្យការនាំចេញរបស់តំបន់ចាយប្រាក់អឺរ៉ូ មិនសូវប្រកួតប្រជែង ហើយហេតុដូច្នេះវាបានកាត់បន្ថយនូវការរីកចម្រើនយ៉ាងខ្លាំង។
ជាពិសេសប្រទេសបារាំង បានបញ្ចេញសំឡេងព្រួយបារម្ភរបស់ខ្លួន ខណៈប្រទេសជប៉ុន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់EUនោះបង្ខំចិត្តទម្លាក់តម្លៃប្រាក់យេនដើម្បីធ្វើឲ្យការនាំចេញរបស់ខ្លួនមានតម្លៃថោក។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំងលោក ព្យែរម៉ូស្កូវីស៊ីបានអំពាវនាវកាលពីថ្ងៃអាទិត្យកន្លងមក ដើម្បីឲ្យបើកការជជែកពិភាក្សា អំពីអត្រាប្ដូរប្រាក់អឺរ៉ូ និងចង់ឲ្យតំបន់ចាយប្រាក់អឺរ៉ូពិចារណាបង្កើតនូវកម្រិតទិសដៅមួយ ដែលបន្ទាប់មក ECBនឹងត្រូវការពារ។
ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រហូឡង់បានជជែកលើកហេតុផលថា ទីផ្សារមិនអាចត្រូវពឹងផ្អែកបានទេ ដើម្បីកំណត់អំពីតម្លៃត្រឹមត្រូវមួយសម្រាប់ប្រាក់អឺរ៉ូនោះ។ ប៉ុន្តែប្រទេសអាល្លឺម៉ង់ ដែលជាអ្នកបង់ប្រាក់ឲ្យគេនិងECBមិនស្រួលក្នុងចិត្តជាមួយនឹងការជជែកបែបនេះទេ ដោយហេតុថា អាណត្តិរបស់ECBគឺដើម្បីធានាស្ថិរភាពតម្លៃមិនមែនចាត់ចែងគ្រប់គ្រងទីផ្សារប្ដូរប្រាក់បរទេសនោះទេ៕
ថាលីយ៉ាន
























