ប្រជាជនឥណ្ឌាអ្នកកាន់សាសនាហិណ្ឌូរាប់ម៉ឺននាក់បានជួបជុំគ្នានៅទន្លេ Ganges ស័ក្តិសិទ្ធិដ៏អាថ៌កំបាំងរបស់ប្រទេសឥណ្ឌាដែលនេះជាឱកាសមហាអស្ចារ្យនៃពិធីបុណ្យសាសនាធំជាងគេបំផុត និងមានរយៈពេលជាងគេបំផុតលើលោកនេះ។
ក្រុមអ្នកប្រតិបត្តិសាសនាដោយមានខ្លួនអាក្រាតកាយបានដឹកនាំរៀបចំពិធីមុនពេលដែលពួកគេចុះងូតទឹកទៀបភ្លឺដែលត្រូវបានគេនិយាយថា នេះជាសកម្មភាពលាងសំអាតនូវអំពើបាប ដោយមានមនុស្សរាប់លាននាក់បានគោរពតាមអ្នកប្រតិបត្តិទាំងនោះបានចូលទៅក្នុងទឹកទន្លេជាកន្លែងដែលរៀបចំពិធីនៅទីក្រុង Allahabad ភាគខាងជើងប្រទេសឥណ្ឌា។
មនុស្សប្រហែល២០លាននាក់ក្នុងចំណោមប្រជាជននៅទីក្រុងនោះប្រមាណ៤០លាននាក់បានចូលរួមក្នុងពិធីនោះ ហើយយ៉ាងហោចណាស់ក៏ជិតពីរលាននាក់កាលពីទៀបភ្លឺព្រឹកថ្ងៃអាទិត្យម្សិលមិញនេះបានចុះងូតទឹក។ នេះបើតាមការឲ្យដឹងពីលោក Ashok Sharma អ្នកនាំពាក្យសាលាក្រុងមួយនេះ។
ពួកគេទាំងអស់រាប់ម៉ឺននាក់នោះត្រូវបានគេឃើញថា នាំគ្នារត់ចូលក្នុងផ្ទះទឹកក្នុងរយៈពេលមួយខ្លីដើម្បីលាងជម្រុះបាបកម្មរបស់ពួកគេតាមអ្វីដែលពួកគេជឿលើសាសនា។
លោក Sharma បានប្រាប់ AFP ថា ៖«តាមការស្ទង់មតិបានបង្ហាញថា អ្នកចំអិនអាហារ អ្នកសារព័ត៌មាន អ្នកកាមេរ៉ា និងមនុស្សទូទៅយ៉ាងហោចណាស់ក៏មានប្រហែល២០លាននាក់បានទៅជួបជុំគ្នាប្រហោងរូងអាថ៌កំបាំងនៅទន្លេនោះ។ ប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈបានកំពុងតែស្នើសុំប្រជាជនទាំងនោះចាកចេញបន្ទាប់ពីងូតទឹករួចដើម្បីចៀសវាងបង្កឧបទ្ទវហេតុចៃដន្យណាមួយ»។
ពិធីបុណ្យ«Maha Kumbh Mela"នេះត្រូវបានចាប់ផ្តើមរៀបចំកាលពីខែមករា នឹងបញ្ចប់នៅខែមីនាខាងមុខនេះ ដែលពិធីនេះត្រូវបានគេរៀបចំធ្វើឡើងក្នុងរយៈពេល១២ឆ្នាំម្តងនៅទីក្រុង Allahabad។ ចំណែកពិធីតូចៗក៏ត្រូវបានរៀបចំជារៀងរាល់៣ឆ្នាំម្តងនៅតំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌា។
ពិធីងូតទឹកបានកើតមានឡើងនេះត្រូវបានគេហៅពិធី Sangam ដ៏មានឥទ្ធិពលនៅទន្លេ Ganges និងទន្លេ Yamuna ព្រមទាំងផ្លូវដ៏អាថ៌កំបាំងលំដាប់ទីបីឈ្មោះ Saraswati។ អ្នកងូតទាំងនោះជឿថា ទង្វើរបស់ពួកគេចុះងូតទឹកនឹងជួយលាងសំអាតបាបកម្មរបស់ពួកគេបានដែលបានចាប់បដិសន្ធិនៅលើលោកនេះ។
បុរសឈ្មោះ Swapna Bhatia ជាអ្នកឌីករផ្ទៃខាងក្នុងបានហៅពិធីនេះថា វាជាបទពិសោធន៍ប្លែកមួយលើលោកនេះ។ លោកថា ៖«ខ្ញុំមានស្រស់ថ្លាល្អណាស់»។
ប៉ូលិសបាននិយាយថា នៅក្នុងពិធីនេះប៉ូលិសជាង៧០០០នាក់បានដាក់ពង្រាយនៅបរិវេណរៀបចំពិធីកាលពីថ្ងៃអាទិត្យ ហើយមានអ្នកស្ម័គ្រចិត្តចំនួន៣០ពាន់នាក់បានចូលរួមជួយសម្រួលសុវត្ថិភាពដែរ។
មន្ត្រីប៉ូលិសឈ្មោះ Ganganath Tripathi បានប្រាប់ AFPថា ៖«សន្តិសុខបានរៀបចំគ្រប់ជ្រុងជ្រាយ ពីព្រោះយើងបារម្ភពីសុវត្ថិភាព ហើយយើងធ្វើយ៉ាងណាឲ្យពិធីនេះប្រព្រឹត្តយ៉ាងរលូតដើម្បីចូលរួមពិធី និងចុះងូត ពីព្រោះក្រៅពីប៉ូលិសរាប់ពាន់នាក់ ក៏មានអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ដែរដើម្បីជួយការពារសុវត្ថិភាព»។
ពិធីបុណ្យនេះមានប្រភពនៅក្នុងទេវកថាហិណ្ឌូដែលបានរៀបរាប់ថា មានទឹកកម្រិតពីរបីតំណក់ធ្លាក់ចូលទៅក្នុងពិធីបុណ្យនោះមកពីកន្លែងបួនផ្សេងគ្នាគឺAllahabad, Nasik, Ujjain និង Haridwar។
បុរសម្នាក់ឈ្មោះ Malti Devi អាយុ៦៥ឆ្នាំមកពីទីក្រុងឡុងដ៍ដែលបានចូលរួមពិធីនេះជាលើកដំបូងបាននិយាយថា ៖«មានវត្ថុស័ក្តិសិទ្ធិនៅក្នុងទន្លេដ៏ជ្រៅដែលមានមហិទ្ធិឫទ្ធិក្នុងការប្រែប្រួលជីវិតបានជារៀងរហូត»។
អ្នករួមភាគច្រើនដាំក្បាលចុះក្រោមចូលក្នុងទឹក អ្នកខ្លះផឹកទឹក ហើយអ្នកទៀតច្រកទឹកដាក់ក្នុងដបយកទៅផ្ទះ។ អ្នករៀបចំពិធីបុណ្យនេះបានព្យាយាមរៀបចំយ៉ាងខ្លាំង ហើយបើតាមពួកគេឲ្យដឹងថា ថវិកាសម្រាប់ចាត់ចែងពិធីបុណ្យសាសនាធំជាងគេបំផុត និងរយៈពេលវែងជាងគេបំផុតលើលោកនេះគឺចំនួន២៩០លានដុល្លារ៕
វេហា























