លោកជំទាវ ម៉ែន សំអន ជុំរុញ​ឲ្យ​ក្រុមការងារ ​ចុះ​មូលដ្ឋាន​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​តាមរយៈធ្វើ​វេទិកា​សាធារណៈ

ថ្ងៃ អង្គារ ទី17 កុម្ភៈ ឆ្នាំ2015 ម៉ោង10:57   ផ្នែក: ព័ត៌មានជាតិទូទៅ    ដោយ: គឹមសេង​

Nita-17-A-5-Full

ស្វាយរៀង ៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈ

កម្មាធិការ​កណ្ដាល​ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​កណ្ដាល​ ចុះជួយ​ខេត្តស្វាយរៀង​មាន​ប្រសាសន៍ថា ដើម្បី​ពង្រឹង​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ និង​សម្រេច​ឲ្យ​បាន​ជោគ​ជ័យ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​បំពេញ​កិច្ច​ការសំខាន់ៗ​មួយចំនួន​ ដូចខាងក្រោម ត្រូវ​ពង្រឹងសមត្ថភាព​រៀនសូត្រ​ស្រាវជ្រាវ​ឲ្យ​យល់ច្បាស់​ពី​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សភាពការណ៍​សេដ្ឋ​កិច្ច នយោបាយ​និង​ការ​រីកចម្រើន​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ពន្យល់​បក​ស្រាយ​ចម្ងល់​នានា​របស់​ប្រជាពលរដ្ឋ​។

ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​ក្រុមការងារ​ដោយ​ធ្វើការ​និង​ពិភាក្សាគ្នា​ជា​សមូហភាព​ឬ​ជា​ក្រុម​ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​និង​សំណួរ​ដែល​ប្រជាពលរដ្ឋ​លើកឡើង។ ត្រូវ​រក្សា​ខ្ជាប់​នូវ​ឧត្តមគតិ​ស្នេហា​ជាតិ​ និង​ស្រឡាញ់​ប្រជាជន​ខិតខំ​ធ្វើ​តែ​អំពើ​ល្អ ហើយ​ជៀសវាង​ដាច់ខាត​រាល់​ទង្វើ​មិន​ត្រឹមត្រូវ​ដែល​បំពាន​លើ​គោលការណ៍​គណបក្ស​និង​ច្បាប់​របស់​រដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធ​ និង​ផលប្រយោជន៍​ប្រជាជន។ ត្រូវ​រួមគ្នា​ធានា​រក្សា​ស្ថិរភាព​នយោបាយ​សន្តិ​សុខ​សណ្ដាប់ធ្នាប់​សា​ធារណៈជាមួយ​ការរក្សា​ម៉ាក្រូសេដ្ឋកិច្ច​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន។ បន្ត​ជំរុញ​ឲ្យ​ជោគជ័យ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ពិសេស​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៣​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​កាត់បន្ថយ​ភាព​អសកម្ម​របស់​មន្ត្រី​ដឹកនាំ​ទាំង​ស្ថាប័ន​បក្ស​ និង​ស្ថាប័នរដ្ឋ​ដោយ​អនុវត្ត​តាម​ទិសស្លោក ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល​។ ជួប​ប្រាស្រ័យ​ដោយផ្ទាល់​ដល់​មូលដ្ឋាន ក្ដាប់​ឲ្យ​បានច្បាស់លាស់​រាល់​សំណូមពរ បញ្ហា​ប្រឈម ការ​លំបាក​របស់​សមាជិក​គណបក្ស​ក៏​ដូចជា​ប្រជាជន​ទូទៅ​និង​រិះរក​គ្រប់​មធ្យោបាយ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​រួមចំណែក​ពង្រឹង​ជំនឿ​ជឿជាក់​លើ​ការងារ​របស់​រាជរដ្ឋាភិបាល​និង​ធ្វើការ​វាយបក​ភ្លាមៗ​រាល់​ឧបាយកល​ញុះញង់​បោក​បញ្ឆោត​របស់​ក្រុមប្រឆាំង​។​ត្រូវ​ផ្សព្វផ្សាយ​អំពី​សមិទ្ធិផល​ និង​ស្នាដៃ​ជា​ប្រ​វត្ត​សាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​នយោបាយ ការទូត ទំនាក់ទំនង​អន្តរជាតិ​ការ​រីកចម្រើន​ខាង​សេដ្ឋកិច្ច​និង​ការងារ​កំណែទម្រង់​របស់​រាជ​រដ្ឋាភិបាល​ពិសេស​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​។ ត្រូវ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​និង​ការលំបាក​របស់​ប្រជាជន​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ និង​ការជឿរ​ជាក់​លើ​រដ្ឋាភិបាល។ លោកជំទាវ ម៉ែន សំអន មាន​ប្រសាសន៍​បែបនេះ​ក្នុងឱកាស​លោកជំទាវ​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥​របស់​ក្រុមការងារ​កំណែទម្រង់​ស៊ីជម្រៅ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តស្វាយរៀង​ កាលពី​ថ្ងៃទី​១៧​ខែ​កុម្ភៈ ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សណ្ឋាគារ​វ៉ៃ​គោ​ស្ថិត​ក្នុងភូមិ​មេភ្លើង​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង៕

Nita-17-A-6-FullNita-17-A-7-FullNita-17-A-8-Full