សេអ៊ូល ៖ លោក Lee Sang-Kuk ធ្វើជាអ្នកចែកចាយសាច់នៅពេលថ្ងៃ និងជាអ្នកលក់ភេសជ្ជះនៅផ្ទះពេលយប់ ប៉ុន្តែទោះជាការងារពីរកន្លែងក៏ដោយ ក៏លោកនិងប្រជាជនកូរ៉េរាប់លានផ្សេងទៀតកំពុងតែប្រយុទ្ធប្រឆាំងនឹងបំណុលគ្រួសារវ័ណ្ឌក។
ស្ថានភាពដូចជាលោក Lee នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលគ្រួសារទាំងអស់បានកំពុងតែខ្ចីប្រាក់ធនាគារតាមកំណត់ត្រាស្រាវជ្រាវសរុប៨៨២,៧ពាន់លានដុល្លារអាមេរិកក្នុងខែកញ្ញា ឆ្នាំ២០១២ ចំនួននេះមានតម្លៃខ្ពស់ជាង៧០ភាគរយនៃGDP របស់ប្រទេសមួយនេះកាលពីឆ្នាំ២០១១។
ចាកចេញពីការងាររបស់គាត់នៅក្រុមហ៊ុនសារព័ត៌មានមួយកាលពីឆ្នាំ២០០០ លោក Lee បានបើកភោជនីយដ្ឋានមួយដោយខ្ចីប្រាក់ធនាគារតាមការដាក់ប្លង់ផ្ទះ។ រយៈពេលពីរឆ្នាំក្រោយមកអាជីវកម្មរបស់គាត់បានដួលរលំដែលធ្វើឲ្យគាត់ប្រឈមនឹងក្ស័យធនផ្ទាល់ខ្លួន។
ដូច្នេះលោកបានលក់ផ្ទះដើម្បីដោះបំណុលធនាគារ ប៉ុន្តែបន្ទាប់មកលោកបានខ្វីប្រាក់ធនាគារដែលមានប្រាក់ការខ្ពស់ម្រាប់ផ្គត់ផ្គង់ការសិក្សារបស់កូនប្រុស និងកូនស្រីរបស់គាត់ ដូច្នេះគាត់ត្រូវរកលុយដោះបំណុលនេះទៀត។
លោក Lee អាយុ៥៩ឆ្នាំដែលសារភាពថាគាត់ស្ទើរតែចង់សម្លាប់ខ្លួននោះបាននិយាយថា ៖«ចាប់តាំងពីពេលនោះមក ជីវិតមានតែរងទុក្ខវេទនា។ អ្វីៗដែលខ្ញុំធ្វើរាល់ថ្ងៃគឺគ្រាន់តែដើម្បីដោះបំណុលគេតែប៉ុណ្ណោះ ហើយមិនគ្រប់ទៀត ចំណែកប្រពន្ធខ្ញុំធ្វើការតាមផ្ទះគេដើម្បីរកលុយជួយផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃ»។
ការងារពេលល្ងាចរបស់លោក Lee គឺធ្វើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ្នកបើកបរ ភាគច្រើនសម្រាប់អ្នកជំនួញដែលផឹកគ្រឿងស្រវឹងច្រើន ហើយត្រូវការមានអ្នកដទៃជួយបើកឡានជូនទៅផ្ទះឬទៅកន្លែងផ្សេង។
គំនរបំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងត្បូងកើតមានឡើងដោយសារតែកំណែទម្រង់ហិរញ្ញវត្ថុត្រូវបានអនុវត្តឡើង បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ដែលនាំឲ្យធនាគាររបស់ប្រទេសបើកដំណើរ។ ជាលទ្ធផលដំណើរការរបស់ធនាគារមុននឹងគេឲ្យប្រាក់កម្ចីទាល់តែមានអ្វីដាក់តម្កល់ដូចជាដាក់បញ្ចាំអចលនទ្រព្យជាដើម។
លោក Lee Jun-Hyup អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Hyundai បាននិយាយថា ៖«ខណៈពេលគ្រួសារអាមេរិកជួបវិបត្តិ ជាពិសេសបន្ទាប់ពីវិបត្តិសេដ្ឋកិច្ច តម្រូវការកម្ចីបានកើនឡើងយ៉ាងខ្លាំងពីធនាគារ។ វាមិនមានការគំរាមកំហែងដល់ប្រព័ន្ធប្រតិបត្តិការធនាគារទេ ប៉ុន្តែវាធ្ងន់ធ្ងរបំផុតសម្រាប់អ្នកខ្ចី»។
ទីផ្សារអចលនទ្រព្យបានដាំក្បាលចុះ ហើយសេដ្ឋកិច្ចមានការងើបឡើងយឺតបំផុតដែលជាលទ្ធផលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ការងារធ្វើ ហើយសមាជិកគ្រួសារនីមួយៗបានបែកខ្ញែកគ្នាដើម្បីខំប្រឹងរកប្រាក់។
យោងតាមលោក Lee Phil-Sang សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកូរ៉េបាននិយាយថា គុណភាពបំណុលគ្រួសារគឺជាបញ្ហាដ៏អាក្រក់ដែលចេះកើនឡើង។ ជាមួយគ្នាផងដែរមានការកើនឡើងថេរចំពោះគ្រួសារដែលមានចំណូលទាបដែលកំពុងតែខ្ចីប្រាក់ដើម្បីចំណាយលើគ្រួសារ។
លោក Lee និយាយថា ៖«បំណុលគ្រួសារគឺដូចជាជំងឺមហារីកនៅក្នុងខ្លួន។ ប្រសិនបើមិនត្រួតពិនិត្យទេ វានឹងក្លាយជាថ្នាំញៀនដ៏អាក្រក់នៅក្នុងវិស័យសេដ្ឋកិច្ច ពីព្រោះការសងបំណុលកាន់តែធ្ងន់ធ្ងរទ្វេឡើងកំឡុងពេលបញ្ហាវិបត្តិសេដ្ឋកិច្ច»។
ដូចជាលោក Lee Sang-Kukដែរ ប្រជាជនកូរ៉េខាងត្បូងវ័យកណ្តាលបានកំពុងតែខ្ចីប្រាក់ធនាគារដើម្បីធ្វើអាជីវកម្មថ្មីរបស់ពួកគេ។ ប៉ុន្តែធនាគារពាណិជ្ជទទួលបានចំណូលខ្ពស់ទៅវិញតាមការផ្តល់ប្រាក់កម្ចីទៅអ្នកក្រ។
លោក Lee ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣លាននាក់ដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ធនាគារដែលគេមិនផ្តល់ប្រាក់កម្ចីទៀតទេ ពីព្រោះតែពួកគេបានជំពាក់បំណុលធនាគារជាច្រើនមកហើយ។
ក្រៅពីការសន្យារផ្តោតការចំណាយលើសុខមាលភាពសង្គម លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-Hye ក៏បានស្នើកញ្ចប់ថវិកាចំនួន១៦,៩ពាន់លានដុល្លារអាមេរិកដើម្បីជួយកាត់បន្ថយបំណុលប្រជាជនក្រីក្រដូចជាលោក Leeជាដើម៕
វេហា























